អាមេរិក គំរាមដាក់ទណ្ឌកម្មលើអូម៉ង់ បើប្រទេសនេះចូលរួមយកថ្លៃសេវានៅច្រកសមុទ្រ Hormuz

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានព្រមានថា ខ្លួននឹងកំណត់គោលដៅលើប្រទេសអូម៉ង់ សម្រាប់ការដាក់ទណ្ឌកម្ម ប្រសិនបើប្រទេសនេះចូលរូមក្នុងការបង្កើតយន្តការប្រមូលថ្លៃសេវាពីកប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Hormuz ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Bessent បាននិយាយនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃទី២៨ ឧសភាថា ប្រទេសអូម៉ង់គួរតែដឹងច្បាស់ថា សហរដ្ឋអាមេរិកនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ប្រឆាំងទៅនឹងភាគីណាមួយដែលចូលរួមសម្របសម្រួលលើការយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz មិនថាដោយផ្ទាល់ ឬប្រយោលនោះទេ។ ហើយបើដៃគូណាមួយដែលចូលរួម នឹងទទួលរងនឹងនូវទណ្ឌកម្ម។

រដ្ឋមន្ត្រីរូបនេះ ក៏បានព្រមានទៀតផងដែរថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនអត់ឱនចំពោះការប៉ុនប៉ងណាមួយចំពោះការដាក់ប្រព័ន្ធថ្លៃសេវាឆ្លងកាត់នៅច្រកសមុទ្រ Hormuz នោះទេ ដោយនេះគឺចង់សំដៅទៅលើសំណើរបស់អ៊ីរ៉ង់ ជាផ្នែកមួយនៃកិច្ចព្រមព្រមព្រៀងដែលអាចកើតមានជាមួយសហរដ្ឋអាមេរិក។

គួរជម្រាបជូនផងដែរថា ការគំរាមកំហែងនេះបានកើតឡើងត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើរដ្ឋបាលច្រកសមុទ្រឈូងសមុទ្រពែរ្ស (PGSA) ជាអង្គការមួយដែលបង្កើតឡើងដោយអ៊ីរ៉ង់ ដើម្បីត្រួតពិនិត្យច្រកសមុទ្រ Hormuz៕​