រដ្ឋមន្ត្រីពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនលំដាប់កំពូលៗរបស់អាមេរិកជាច្រើន ដូចជា Excelerate Energy, Lockheed Martin, SpaceX និង Google ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ការចរចាពន្ធជាមួយរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
បើតាមទីភ្នាក់ងារសារប័ត៌មានវៀតណាម បានរាយការណ៍ឲ្យដឹងទៀតថា ជុំវិញការរៀបចំជំនួបជាមួយក្រុមហ៊ុនធំៗទាំងនេះ វៀតណាម ចង់បង្ហាញឲ្យប្រធានាធិបតីអាមេរិក លោក ត្រាំ មើលឃើញថា ខ្លួនមានគោលបំណងធំបង្កើនទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងសម្រួលដល់ការវិនិយោគរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសវៀតណាមវិញផងដែរ។
វៀតណាម និងសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ បានចាប់ផ្តើមធ្វើការចរចាពាណិជ្ជកម្មជុំទីពីរ នៅទីក្រុងវ៉ាស៊ីនតោន ខណៈពេលដែលប្រទេសដែលត្រូវបានចាត់ទុកថាមជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ កំពុងព្យាយាមស្វែងរកកិច្ចព្រមព្រៀងមួយដើម្បីចៀសវាងការគំរាមកំហែងនៃអត្រាពន្ធ ៤៦% លើទំនិញរបស់ខ្លួន។
យ៉ាងណាមិញ នៅក្នុងជំនួបជាមួយក្រុមហ៊ុនកំពូលៗរបស់អាមេរិក លោក Dien បាននិយាយថា វៀតណាមចង់ជំរុញកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយក្រុមហ៊ុន Lockheed Martin បន្ថែមទៀត ខណ:ប្រទេសរបស់ខ្លួនគ្រោងនឹងបាញ់បង្ហោះផ្កាយរណបទំនាក់ទំនងជំនាន់ថ្មី នៅចុងឆ្នាំក្រោយ ។
ដោយឡែក នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន SpaceX វិញ លោក Dien បានបង្ហាញការពេញចិត្តចំពោះផែនការរបស់ក្រុមហ៊ុនខ្នាតយក្សអាមេរិកនេះ ក្នុងការវិនិយោគទឹកប្រាក់ប្រមាណ ១,៥ពាន់លានដុល្លារ ក្នុងការផ្តល់សេវាកម្មអ៊ីនធើណិតតាមរយ:ផ្កាយរណប Starlink នៅក្នុងប្រទេសខ្លួន។ ស្របពេលវៀតណាម ក៏មានបំណងទិញចូលឧស្ម័នធម្មជាតិរាវពីអាមេរិកបន្ថែមទៀត តាមរយ:ក្រុមហ៊ុន Excelerate Energy ផងដែរ។
ជម្រាបជូនថា រដ្ឋាភិបាលវៀតណាម បានអនុវត្តវិធានការមួយចំនួនដើម្បីបង្រួមអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកដែលចំនួនលើសពី ១២៣ពាន់លានដុល្លារកាលពីឆ្នាំមុន រួមទាំងការកាត់បន្ថយពន្ធលើទំនិញរបស់សហរដ្ឋអាមេរិក និងការដោះស្រាយការនាំចេញទំនិញរបស់ចិន ទៅកាន់សហរដ្ឋអាមេរិកតាមរយៈទឹកដីរបស់ខ្លួន ផងដែរ៕