គណបក្សប្រជាធិបតេយ្យ និងគណបក្ស Chartthaipattana សម្រេចចិត្តមិនដកខ្លួនចេញពីក្រុមចម្រុះដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra នោះឡើយ បើទោះបីជានយោបាយក្នុងប្រទេសកំពុងរងនូវការរង្គោះរង្គើខ្លាំង បន្ទាប់ពីមានការបែកធ្លាយនូវកិច្ចសន្ទនារវាងលោកស្រី ជាមួយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

បន្ទាប់ពីមានកិច្ចប្រជុំអស់រយ:ពេលបីម៉ោង កាលពីថ្ងៃទី១៩ ខែមិថុនា រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Chalernmchai Sri-on មេដឹកនាំគណបក្សប្រជាធិតេយ្យ បានប្រកាសថា គណ:កម្មាធិការប្រតិបត្តិរបស់គណបក្សបានឈានដល់ការឯកភាព ដើម្បីបន្តចូលរួមក្នុងរដ្ឋាភិបាលចម្រុះរបស់លោកស្រី Paetongtarn ។
ជាមួយគ្នានេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យ លោកស្រី Jenjira Rattanaphian បានបញ្ជាក់សារជាថ្មីថា គណបក្សផ្តោតសំខាន់លើប្រជាជន ហើយការសម្រេចចិត្តណាមួយនាពេលអនាគត នឹងត្រូវធ្វើឡើងដោយគិតគូរពីផលប្រយោជន៍របស់ប្រជាជន ជាចម្បង។
យ៉ាងណាមិញ នៅថ្ងៃដដែលនោះ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស លោក Varawut Silpa-archa ដែលជាមេដឹកនាំគណបក្ស Chartthaipattana ក៏បានប្រកាសថា គណបក្សរបស់លោកនឹង មិនធ្វើសកម្មភាពប្រញាប់ប្រញាល់ណាមួយ ចំពោះបញ្ហានេះនោះឡើយ ដោយសម្តែងការគាំទ្រចំពោះនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn ។
គួរឲ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn បានឡើងកាន់អំណាចនៅខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបានបង្កើតក្រុមចម្រុះចំនួន ១១ ដែលដឹកនាំដោយគណបក្សភឿថៃ។ តែទោះជាយ៉ាងណា រដ្ឋាភិបាលចម្រុះរបស់លោកស្រី បច្ចុប្បន្នកំពុងប្រឈមមុខនឹងហានិភ័យនៃការដួលរលំ បន្ទាប់ពីការបែកធ្លាយសារសំឡេងតាមទូរស័ព្ទរបស់លោកស្រីជាមួយ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យមានការរិះគន់ជាខ្លាំង។
ជម្រាបជូនថា កាលពីថ្ងៃទី១៨ ខែមិថុនា គណបក្ស Bhumjaithai Party (BJT) ដែលជាគណបក្សធំទីពីរនៅក្នុងសម្ព័ន្ធកំពុងកាន់អំណាច បានប្រកាសដកខ្លួនចេញពីរដ្ឋាភិបាល បន្ទាប់ពីមានរឿងអាស្រូវនេះ។ ហើយក្រោយមកទៀត គណបក្សប្រឆាំងធំៗជាច្រើន បានបង្កើនសម្ពាធលើលោកស្រី Paetongtarn ឲ្យលាលែងពីតំណែង៕

