លោក ត្រាំ និយាយថាសហរដ្ឋអាមេរិក អាចនឹងបើកការវាយប្រហារលើអ៊ីរ៉ង់ជាថ្មី ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក អាចនឹងបន្តវាយប្រហារលើអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវសម្រេចបានទេនោះ បន្ទាប់ពីមានការពន្យារពេលលើផែនការដែលបានគ្រោងទុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានប្រាប់ទៅកាន់អ្នកព័ត៌មាននៅសេតវិមានកាលពីថ្ងៃទី១៩ ខែឧសភាថា នៅខ្វះតែមួយម៉ោងទៀតប៉ុណ្ណោះ មុននឹងសម្រេចចិត្តថាតើត្រូវបន្តយុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំងនឹងអ៊ីរ៉ង់ទៀតឬអត់ ប៉ុន្តែក្រោយមកបានពន្យារពេលចេញបទបញ្ជាវិញ បន្ទាប់ពីមានការស្នើសុំពីសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា។

ប្រធានាធិបតីអាមេរិករូបនេះ ក៏បានព្រមានទៀតថា សហរដ្ឋអាមេរិក នឹងបន្តវាយប្រហារលើអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ប្រសិនបើភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយទេនោះ។

លោក ត្រាំ​ បានបន្ថែមទៀតថា វាអាចនឹងមានរយៈពេលពីរ​ ទៅបីថ្ងៃ ប្រហែលជានៅថ្ងៃសុក្រ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬដើមសប្តាហ៍ក្រោយ ក្នុងពេលវេលាដែលត្រូវបានកំណត់។

ទន្ទឹមនឹងនេះ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance ដែលបានចូលរួមក្នុងកិច្ចចរចាជាមួយអ៊ីរ៉ង់ក្នុងអំឡុងពេលនៃការចរចាបរាជ័យនៅក្នុងប្រទេសប៉ាគីស្ថានកាលពីខែមេសា ក៏បាននិយាយផងដែរថា ទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធ ប៉ុន្តែនៅតែបង្ហាញក្តីសង្ឃឹមសម្រាប់ដំណោះស្រាយការទូត ផងដែរ៕​