កម្ពុជា និងចិន បានសម្រេចចុះហត្ថលេខាលើ (MoM) និងកិច្ចព្រមព្រៀងគ្នារវាងភាគីទាំងពីរ លើការងារអនុវត្តគម្រោងការអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុជាផ្លូវការហើយ។

នេះបើយោងតាម កិច្ចប្រជុំពិនិត្យពិភាក្សាលើការរចនាបឋម (Preliminary Design Review) នៃគម្រោងការអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅទីក្រុងឆឹងទូ ខេត្តស៊ីឈួន សាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំដោយលោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងការអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាមួយតំណាងក្រុមហ៊ុន China Railway Eryuan Engineering Group Co., Ltd.(CREEC) ដែលដឹកនាំដោយលោក Wang Jinyong នាយករងចាត់ការទូទៅរបស់ក្រុមហ៊ុន CREEC និងលោក LEI Pengquin, នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ សេដ្ឋកិច្ច ប្រចាំតំបន់អាស៊ាន (AIECO) ។

លោក រស់ វណ្ណា បានឱ្យដឹងថា លោកបានដឹកនាំគណៈប្រតិភូកម្ពុជា បំពេញបេសកកម្មនៅប្រទេសចិន ដើម្បីចូលរួមពិនិត្យពិភាក្សាលើការរចនាបឋម (Preliminary Design Review) នៃគម្រោងការអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយក្នុងនោះមានការពិនិត្យផ្ដោតសំខាន់ទៅលើ Project Overview, Design Scheme, Design Progress & Plan and Existing Problems & Suggestions។

ជារួមក្រោយបញ្ចប់កិច្ចប្រជុំ ជាលទ្ធផល កម្ពុជា-ចិន បានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់គ្នាយ៉ាងលម្អិត រួចមក ភាគីចិនបានយល់ព្រមកែសម្រួលនូវចំនុចខ្វះខាតតាមសំណើរបស់ភាគីកម្ពុជា បន្ទាប់មកភាគីកម្ពុជាក៏បានព្រមព្រៀងលើឯកសារការរចនាប្លង់ដំបូង ដែលបានសិក្សាដោយក្រុមហ៊ុន China Railway Eryuan Engineering Group Co., Ltd. (CREEC) ថាពិតជាត្រឹមត្រូវស្របតាមតម្រូវការជាក់ស្តែងនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងប្រទេសកម្ពុជា។ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើ (MoM) និងកិច្ចព្រមព្រៀងគ្នារវាងភាគីទាំងពីរ លើការងារអនុវត្តគម្រោងការអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅចំពោះមុខអ្នកចូលរួម និងជំនាញការទាំងអស់ផងដែរ៕ អត្ថបទ៖ហ្សាលីន

