ថ្នាក់ដឹកនាំរាជធានីខេត្តចំនួន៤ បង្ហាញក្តីរំភើប ក្រោយទទួលបានភ្ញៀវទេសចរ​ច្រើនជាងគេ ក្នុងឱកាសចូលឆ្នាំខ្មែរ

សង្គម​និង​សេដ្ឋកិច្ច

ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១៣លាននាក់ បានចេញដើរកម្សាន្តក្នុងឱកាសចូលឆ្នាំខ្មែរ។ ខេត្ត គោលដៅដែលស្រូបទាញទេសចរបានច្រើនជាងគេ រួមមាន ខេត្តសៀមរាប បាត់ដំបង កំពង់ចាម ភ្នំពេញ ព្រះសីហនុ កំពត ស្វាយរៀង កំពង់ឆ្នាំង បន្ទាយមានជ័យ និងកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងការទទួលបានកំណើនទេសចរណ៍វ៉ាដាច់គេ ក្នុងកំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរួចមក គេឃើញថ្នាក់ដឹកនាំរាជធានីខេត្តចំនួន៤ បានបង្ហាញក្តីរំភើប និងបានថ្លែងអំណរគុណដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិផងដែរ។

ករណីនេះដែរ កាលពីយប់ថ្ងៃទី១៧ ខែមេសា លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖«សូមអរគុណលោកយាយ លោកតា អ៊ំ ពូ មីង ពុក ម៉ែ បងប្អូនជាតិ និងអន្តរជាតិទាំងអស់ ដែលបានមកលេងខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» រយៈពេល៣-៤ថ្ងៃនេះ សូមពុក ម៉ែ បងប្អូនធ្វើដំណើរត្រឡប់ទៅវិញប្រកបដោយសុខសុវត្ថិភាពគ្រប់ពេលវេលា»។

ជាមួយគ្នានោះដែរ ក៏បានអរគុណដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលស្នាក់នៅលេងកំសាន្តបន្តក្នុងខេត្តសៀមរាប សូមមានសំណាងល្អ រីករាយជួបជុំក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ ប្រកបដោយសុភមង្គល និងសិរីសួស្តីផងដែរ។

ជាមួយគ្នានេះដែរ លោក គួច ចំរើន អភិបាលខេត្តសៀមរាប ក៏បានបង្ហាញក្តីរំភើប និងសប្បាយរីករាយ ចំពោះប្រជាពលរដ្ឋកម្ពុជា និងបរទេស​ ដែលបានមកកម្សាន្តនៅក្នុងខេត្តព្រះសីហនុ​ បើទោះបីជា អាកាសធាតុក្ដៅបន្តិចក៏ដោយ ក៏គ្រប់ទីកន្លែងទេសចរណ៍នានារបស់ខេត្តពោរពេញដោយភ្ញៀវទេសចរច្រើនកកកុញ​ មិនថាទាំងឆ្នេរសមុទ្រ​ កោះ​ និងព្រៃភ្នំនោះឡើយ ដែលនេះអាចបញ្ជាក់បានថា ​ សន្តិភាព ពិតជាសំខាន់។

មិនខុសគ្នាពី ថ្នាក់ដឹកនាំខេត្តព្រះសីហនុនោះដែរ លោក សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានលើកឡើងដែរថា ខេត្តបាត់ដំបងជាខេត្តមួយដែលមានសក្តានុពល ខាងទេសចរណ៍ ខណៈក្រៅពីតំបន់សង្រ្កាន្តដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តដែលមានបងប្អូនមកលេងយ៉ាងច្រើនកុះករហើយនោះ នៅតំបន់រមណីយដ្ឋាននានានិងគោលដៅទេសចរណ៍ក្នុងខេត្តជាង១០០កន្លែងទៀត ក៏មានអ្នកមកកំសាន្តច្រើនណាស់ ដែលធ្វើឱ្យផ្លូវជាច្រើនក្នុងខេត្តមានមនុស្សកកកុញ។ទន្ទឹមគ្នានេះ លោកក៏បានអរគុណបងប្អូនទាំងអស់គ្នាដែលខិតខំធ្វើគ្រប់យ៉ាងបានយ៉ាងល្អដើម្បីប្រជាជនយើង ក៏ដូចជាខេត្តបាត់ដំបងផងដែរ។

ចំណែកឯ រាជធានីភ្នំពេញឯណេះវិញ ក៏ទទួលបានភ្ញៀវទេសចរមិនអន់ដែរ បើតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងដែរថា សង្ក្រាន្តឆ្នាំថ្មី ប្រជាប្រុសស្រីសប្បាយគ្រប់ទិសទី ដោយលោកបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមក្នុងកម្មវិធី “សង្ក្រាន្តវត្តភ្នំ” របស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមគ្រូពេទ្យ យុវជនយុវនារី បុគ្គលិកអនាម័យ និងជំនាញពាក់ព័ន្ធទាំងអស់ ប្រកបដោយស្មារតីភាតរភាព សាមគ្គីភាព ភាពស្និទ្ធស្នាល ការយោគយល់អធ្យាស្រ័យគ្នា និងការទទួលខុសត្រូវខ្ពស់បំផុត។

អភិបាលរាជធានីភ្នំពេញរូបនេះ បញ្ជាក់ថា៖« ភាពសប្បាយរីករាយ សេចក្តីសុខសុវត្ថិភាព កើតមានបានដោយសារប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌ និងសូមបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសេចក្តីសុខសន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ»។

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ កាលថ្ងៃទី ១៧ខែមេសា បានឱ្យដឹងថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ដែលគិតចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៣ ១៨៧ ៧៧១នាក់ ក្នុងនោះ ភ្ញៀវជាតិ ១៣ ១៣២ ០៨០នាក់ និងអន្តរជាតិ ៥៥ ៦៩១នាក់។ សម្រាប់ ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំ មានភ្ញៀវទេសចរចំនួន ២០៩ ៨៥០ ១នាក់ បានចេញដើរកម្សាន្ត ថ្ងៃទី២ មានចំនួន ៤២៣ ៧៧៨ ០នាក់ និងថ្ងៃចុងក្រោយចំនួន ៦៨៥ ១៤៩ ០នាក់។ 

គោលដៅទេសចរណ៍ ដែលស្រូបទាញភ្ញៀវទេសចរបានច្រើនជាងគេ គឺខេត្តសៀមរាប មានចំនួន ២១២ ០៣៧ ៣នាក់, ខេត្តបាត់ដំបង ១៥០ ០១៦ ៨នាក់, ខេត្តកំពង់ចាម ១៤០ ៨៨១ ១នាក់, ភ្នំពេញ ១០៨ ០៥០ ៩នាក់, ខេត្តព្រះសីហនុ ៨៨៧ ៨៩៣ នាក់, ខេត្តកំពត ៨៧០ ៣៩៩ នាក់, ខេត្តស្វាយរៀង ៧៦០ ៣៩៩ នាក់, ខេត្តកំពង់ឆ្នាំង ៧៣៩ ១៥៩នាក់, ខេត្តបន្ទាយមានជ័យ ៦៥០ ០១៣ នាក់ និងខេត្តកំពង់ស្ពឺ ៥១២ ៨៩៨ នាក់។

 ចំនួនភ្ញៀវទេសចរទាំង១៣លាននាក់នេះ គឺត្រូវបានរាប់បញ្ជូលទាំងអ្នកធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស។ អ្នកចូលរួមលេងកម្សាន្តនៅតាមកម្មវិធីសង្រ្កាន្ត និងអ្នកលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា ផងដែរ៕

អត្ថបទ៖ ពិសី