សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្តល់អាទិភាពគន្លឹះចំនួន ៥ សម្រាប់អាស៊ាន ដើម្បីរួមគ្នាយកចិត្តទុកដាក់រួមគ្នាការយកចិត្តទុកដាក់ក្នុងការសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងតម្រូវការបន្ទាន់របស់ប្រជាជន ASEAN។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី ១៣ និង សន្និសីទនៃភាគីអាត់ម៊ែរ (AADMER) លើកទី ១៤ និង កិច្ចប្រជុំពាក់ព័ន្ធ នាថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គ្រោះមហន្តរាយគ្រប់ទម្រង់ បង្កើតឱ្យមានបញ្ហាប្រឈមឥតឈប់ឈរ ដល់ប្រជាជាតិទាំងអស់ ព្រោះគ្រោះមហន្តរាយ ទោះតូចក្តី ធំក្តី តែងបន្សល់ទុកនូវកម្មវិបាកយ៉ាងធ្ងន់ធ្ងរ ដល់ មនុស្ស និង សង្គម ។
សម្តេចបន្តថា គ្រោះមហន្តរាយដែលកើតមានឡើងនាពេលថ្មីៗនេះ ដូចជា ការរញ្ជួយដី, ទឹកជំនន់ និងព្យុះស៊ីក្លូនត្រូពិក បានបណ្តាលឱ្យមានចំនួនអ្នកស្លាប់កើនឡើង និងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ បន្ថែមលើការផ្តល់ជំនួយសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងតម្រូវការបន្ទាន់របស់ប្រជាជន ASEAN សម្តេចថា គួរបន្តផ្តោតលើការរៀបចំឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់រយៈពេលវែង ទាំងក្នុងទីប្រជុំជន និងជនបទផងដែរ។
បន្ថែមលើបញ្ហាប្រឈមទាក់ទងនឹងធនធានហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សម្តេចថា យើងក៏ត្រូវតែទទួលស្គាល់ថា សមត្ថភាព, ចំណេះដឹង និងបទពិសោធន៍ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ នៅមានភាពមិនស្មើគ្នា នៅក្នុងតំបន់នីមួយៗ។

ជាថ្មីម្តងទៀត ដើម្បីដោះស្រាយបញ្ហាគ្រោះមហន្តរាយ សម្ដេច បានគូសបញ្ជាក់ពី អាទិភាពគន្លឹះចំនួន ៥ សម្រាប់អាស៊ានយកចិត្តទុកដាក់រួមគ្នា រួមមាន ៖ ទី១. បង្កើនការត្រៀមខ្លួន តាមរយៈប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុន និងសមត្ថភាពព្យាករណ៍ ដែលរឹងមាំជាងមុន ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមានឡើងជាបន្តបន្ទាប់ ទី២. ការលើកកម្ពស់ភាពជាដៃគូពហុភាគី ដោយមានការចូលរួមពីវិស័យឯកជនទី៣. ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍, ទី៤. ការពង្រឹងទំនាក់ទំនងជាសកល តាមរយៈ ការកសាងភាពជាដៃគូរបស់អាស៊ាន ជាមួយស្ថាប័នអន្តរជាតិ និងទី៥. ការចែករំលែកចំណេះដឹង និងមេរៀនរបស់អាស៊ាន ជាមួយតំបន់ផ្សេងទៀត ជាពិសេស ក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយតាមសហគមន៍ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន៕ អត្ថបទ៖ហ្សាលីន

