រដ្ឋបាលខេត្តហឺណាន នឹងពិនិត្យលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគជាមួយកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តហឺណាន បានជួបពិភាក្សាជាមួយក្រុមប្រឹក្សអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា និងចិន។ ពិភាក្សានេះ បានធ្វើឡើងរវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយ លោក Zheng Haiyang អភិបាលរងនៃគណៈអភិបាលខេត្តហឺណាន កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក អគ្គលេខាធិការ បានស្វាគមន៍គណៈប្រតិភូចិនដែលមកកាន់កម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែជាក់ច្បាស់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ លោក បានថ្លែងអំណរគុណថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តហឺណានដែលតែងតែខិតខំជំរុញវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលកិច្ចគាំទ្រនេះបានក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស។

ជាក់ស្តែង លោកថា ឆ្នាំចុងក្រោយនេះ ការវិនិយោគមកពីប្រទេសចិននៅកម្ពុជាមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់។ លោក ក៏សង្ឃឹមថា ថ្នាក់ដឹកនាំខេត្តហឺណាននឹងបន្តជំរុញវិនិយោគិនពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បី១. ផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចសម្រាប់ផ្គត់ផ្គង់សហគ្រាសដែលបម្រើដល់ការនាំចេញក្នុងទម្រង់ជាប្រព័ន្ធអេកូឡូស៊ី និង២. អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសឯកទេសផ្នែកកសិ-ឧស្សាហកម្មសម្រាប់ប្រមូលផ្តុំសហគ្រាសកែច្នៃ, បង្កើនតម្លៃបន្ថែម និងជំរុញស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលកសិកម្ម។

ជាការឆ្លើយតប លោកអភិបាលរងខេត្តហឺណាន បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកោតសរសើរចំពោះភាពល្បីល្បាញរបស់កសិផលកម្ពុជាដែលបាន និងកំពុងមានវត្តមានជាបន្តបន្ទាប់នៅលើទីផ្សារខេត្តហឺណាន។ លោកសង្ឃឹមថា ខេត្តហឺណាននឹងបន្តចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា ហើយខេត្តប្តេជ្ញាគាំទ្រកម្ពុជាដើម្បីជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

សូមជម្រាបថា ខេត្តហឺណានគឺជាខេត្តដ៏មានសក្តានុពលមួយរបស់សាធារណរដ្ឋប្រជាមានិតចិនដែលលាតសន្ធឹងតាមបណ្តោយទន្លេលឿង និងមានផ្ទៃដីសរុបចំនួន១៦៧.០០០គីឡូម៉ែត្រការ៉េ និងប្រជាជនសរុបប្រមាណ៩៨លាននាក់៕ អត្ថបទ៖ ហ្សាលីន