អ្នកឧកញ៉ា សៀ ឬទ្ធី ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមជំនួបអាហារថ្ងៃត្រង់ជាមួយឯកឧត្តមប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន

សមាគមឧកញ៉ាកម្ពុជា

អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគម បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចំនួន ៧រូបទៀត ចូលរួមក្នុងជំនួបអាហារថ្ងៃត្រង់ដើម្បីពិភាក្សាការងារជាមួយឯកឧត្តម Syed Yusuf Raza Gillani ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានក្នុងអំឡុងពេលដែលឯកឧត្តមកំពុងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងធុរកិច្ចពាណិជ្ជកម្មរវាងប៉ាគីស្ថាន និងកម្ពុជា ខណៈដែលសមាគមឧកញ៉ាកម្ពុជា គឺជាបណ្តុំនៃធុរជនដ៏មានសក្តានុពល និងកំពុងវិនិយោគលើពហុវិស័យនៅទូទាំងប្រទេស។

ជាកិច្ចចាប់ផ្តើម អ្នកឧកញ៉ា សៀ ឬទ្ធី បានមានមតិស្វាគមន៍វត្តមានរបស់ ឯកឧត្តមប្រធានព្រឹទ្ធសភា និងគណៈប្រតិភូ ព្រមទាំងបានជម្រាបជូននូវសាវតារសង្ខេបរបស់សមាគមឧកញ៉ាកម្ពុជាផងដែរ។

ជាការឆ្លើយតប ឯកឧត្តម Syed Yusuf Raza Gillani បានមានប្រសាសន៍ ថ្លែងអំណរគុណ និងកោតសរសើរដល់សមាគមឧកញ៉ាកម្ពុជា ដែលជាសមាគមដ៏មានសក្តានុពល និងមានសមាជិកសុទ្ធសឹងជាធុរជនដ៏លេចធ្លោ និងមានភាពស័ក្តិសមក្នុងការផ្គូផ្គងធុរកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ បន្ថែមពីលើនេះ ឯកឧត្តមបានស្នើឱ្យមានការភ្ជាប់ទំនាក់ទំនងគ្នាចាប់ពីពេលនេះតទៅរវាងសមាគម ជាមួយនឹងតំណាងស្ថានទូតប៉ាគីស្ថាននៅកម្ពុជា ដើម្បីជាស្ពានផ្សាភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមកឱ្យកាន់តែរឹងមាំ ជាពិសេសឯកឧត្តមក៏បានអញ្ជើញគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន ដោយឯកឧត្តមនឹងជួយសម្របសម្រួលលើការបង្កើតកិច្ចសហប្រតិបត្តិការធុរកិច្ចលើវិស័យនីមួយៗរវាងភាគីទាំងពីរ។

ទន្ទឹមនឹងនេះ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ក៏បានជម្រាបជូនឯកឧត្តមប្រធានព្រឹទ្ធសភា នូវវិស័យដ៏មានសក្តានុពលនៅកម្ពុជារួមមាន កសិកម្ម, កសិ-ឧស្សាហកម្ម, ការកែច្នៃចំណីអាហារ, វាយនភណ្ឌ, កង់ និងការនាំចេញគ្រឿងបង្គុំអេឡិចត្រូនិចជាដើម។

តំណាងសមាគមក៏បានស្នើឱ្យមានការចុះអនុស្សរណៈ នៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការរវាងសមាគមឧកញ៉ាកម្ពុជា និងស្ថានទូតប៉ាគីស្ថានប្រចាំនៅកម្ពុជា ព្រមទាំងដំណើរទស្សនកិច្ចរបស់ធុរជនប៉ាគីស្ថានផងដែរដើម្បីសិក្សាស្វែងយល់អំពីបរិយាកាសវិនិយោគ និងកាលានុវត្តភាពពាណិជ្ជកម្មនៅកម្ពុជា ខណៈដែលសមាគមក៏នឹងរៀបចំគណៈប្រតិភូដើម្បីបំពេញទស្សនកិច្ចនៅប្រទេសប៉ាគីស្ថានក្នុងពេលសមស្របណាមួយខាងមុខនេះ។

ជំនួបនេះបានទទួលផ្លែផ្កាជាវិជ្ជមានដោយភាគីទាំងពីរបានឯកភាពក្នុងការបង្កើតនូវយន្តការទំនាក់ទំនងគ្នាជាប់ជាប្រចាំដើម្បីផ្លាស់ប្តូរព័ត៌មានរវាងគ្នាទៅវិញទៅមក៕