កម្ពុជាចូលរួមពិព័រណ៍វិថីសូត្រលើកទី៩ នៅទីក្រុងទុនហ័ង ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌

សង្គម​ និង​សេដ្ឋកិច្ច

ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌អន្តរជាតិវិថីសូត្រ លើកទី៩ «The 9th Silk Road (Dunhuang) International Cultural Expo» នៅទីក្រុងទុនហ័ង ខេត្តគ័នស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ជំរុញការផ្លាស់ប្តូរវប្បធម៌ និងគូសបញ្ជាក់ថាកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចកក់ក្តៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបើកពិព័រណ៍នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗរបស់ចិន អង្គការកម្មសិទ្ធិបញ្ញាពិភពលោក អង្គការយូណេស្កូ ព្រមទាំងប្រតិភូ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាង ៤០០ រូប មកពីប្រទេសជាង ៥០ លើពិភពលោក។ ក្នុងឱកាសនោះ លោក ហួត ហាក់ បានអបអរសាទរចំពោះជោគជ័យនៃការរៀបចំពិព័រណ៍កន្លងមក និងលើកឡើងពីភាពសម្បូរបែបនៃសម្បត្តិបេតិកភណ្ឌតាមបណ្តោយវិថីសូត្របុរាណ ជាពិសេសគំនិតផ្តួចផ្តើម «កិច្ចសន្ទនារវាងរូងភ្នំម៉ូកៅ និងប្រាសាទអង្គរវត្ត» ដែលជាចំណុចសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរ។

ជាពិសេស លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងការបន្តវេនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរចិន និងអន្តរជាតិទាំងអស់ឱ្យមកទស្សនាដោយក្តីជឿជាក់ ដោយធានាថាកម្ពុជាជាគោលដៅប្រកបដោយសុវត្ថិភាព និងផ្តល់ភាពកក់ក្តៅដូចជាការត្រឡប់មកកាន់គេហដ្ឋានរបស់ខ្លួន។

សូមជម្រាបថា ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន មានតាំងពីសម័យហ្វូណនមកម្ល៉េះ ហើយឆ្នាំ២០២៦នេះ គឺជាខួបលើកទី៦៨ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹងរហូតក្លាយជា «មិត្តដែកថែប» តាមរយៈការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំជំនាន់មុន និងបច្ចុប្បន្ន ព្រមទាំងការគាំទ្រពីប្រជាជនទាំងពីរ៕