លោក អូស្មាន សាឡាម (Osman Sağlam) សមាជិកសភា និងជាប្រធានគណៈប្រតិភូ នៃសាធារណរដ្ឋតួកគី ប្រចាំអន្តរសភាអាស៊ាន (AIPA) នៃរដ្ឋសភាTürkiye បានបង្ហាញក្តីសង្ឈឹមថា ប្រទេសកម្ពុជា និងប្រទេសតួកគីយ៉េ នឹងសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីដល់១ពាន់លានដុល្លារនាពេលខាងមុខ។

លោកបានលើកឡើងបែបនេះនៅក្នុងជំនួបជាមួយលោក វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពអន្តរសភាកម្ពុជា-តួកគី នៃរដ្ឋសភា ក្នុងឱកាសលោក អូស្មាន សាឡាម មកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំ AIPA Caucus លើកទី១៦ ចាប់ពីថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០២៥ ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរាជធានីភ្នំពេញ។
នាឱកាសនោះ លោក វង សូត បានលើកឡើងថា វត្តមានរបស់គណៈប្រតិភូរដ្ឋសភាតួកគី មិនត្រឹមតែផ្តល់កិត្តិយសដល់សភាកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះប៉ុណ្ណោះទេ តែថែមទាំងបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។
លោកបន្តថា ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លោកបានសង្កេតឃើញថា មានការរីកចម្រើនជាបន្តបន្ទាប់ ប្រកបដោយភាពស្វាហាប់ រហូតឈានដល់មានការចុះកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នា នៅលើវិស័យជាច្រើន ព្រមទាំងមានការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិជាច្រើន ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

ជាការឆ្លើយតប លោក អូស្មាន់ សាហ្លាម បានគាំទ្រចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងការប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ដោយលោកសង្ឃឹមថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នឹងឈានដល់ ១ពាន់លានដុល្លា នាពេលខាងមុខឆាប់ៗនេះ។
លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្នុងក្របខណ្ឌអាយប៉ា ក៏នឹងជួយជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត។
សូមជម្រាបដែរថា ទំនាក់ទំនងរវាងកម្ពុជា និងតួកគី មានការរីកចម្រើនជាលំដាប់ ក្នុងនោះ ការបើកការិយាល័យពាណិជ្ជកម្ម ថ្វីត្បិតតែទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរកាលពីពេលថ្មីៗនេះ តាមរយៈជំនួបសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយឯកអគ្គរដ្ឋទូតតួកគី ប្រចាំកម្ពុជា ក៏បានឯកភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មឲ្យកើនដល់១ពាន់លានដុល្លារនាពេលខាងមុខផងដែរ៕


