ឯកឧត្តម ប្រាក់ សុខុន សង្កត់ធ្ងន់ចំពោះមុខប្រមុខការទូតចិនថា សន្តិភាពប្រកបដោយចីរភាព ត្រូវផ្អែកលើច្បាប់អន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅរដ្ឋធានីប៉េកាំង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងអំណរគុណដល់ភាគីចិនដែលបានបន្តគាំទ្រការសម្របសម្រួលកិច្ចសន្ទនាដោយសន្តិវិធី ព្រមទាំងបានសង្កត់ធ្ងន់ថា សន្តិភាពប្រកបដោយចីរភាព ត្រូវផ្អែកលើច្បាប់អន្តរជាតិ ហើយព្រំដែនអន្តរជាតិមិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនោះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន សម្រាប់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតផ្តល់ជូនព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងអំឡុងពេលដែលព្រះអង្គទាំងទ្វេយាងពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន។

ដោយឡែក ទោះបីជាមានជំនួបជាញឹកញាប់យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ នៅតែបន្តផ្លាស់ប្តូរការសួរសុខទុក្ខ និងជូនពរយ៉ាងស្និទ្ធស្នាល ព្រមទាំងបានកត់សម្គាល់ដោយពេញចិត្តថា លទ្ធផលនៃជំនួបនីមួយៗបានរួមចំណែកបន្ថែមទៀតក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ៕