ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង វិនិយោគទឹកប្រាក់ជាង១ប៊ីលានដុល្លារ លើគម្រោងសាងសង់​រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរាវ អានុភាព៩០០មេហ្កាវ៉ាត់ នៅខេត្តកោះកុង

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានវិនិយោគទឹកប្រាក់ជាង ១ប៊ីលានដុល្លារអាម៉េរិក លើគម្រោង​សាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរាវ មានអានុភាព៩០០មេហ្កាវ៉ាត់ ក្រោមចក្ខុវិស័យ​ដ៏ធំមួយ គឺរួមចំណែកប្រែក្លាយកម្ពុជាទៅជាគោលដៅឧស្សាហកម្ម និងវិនិយោគដែលមាន​សមត្ថភាពប្រកួត​ប្រជែងខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានគូសបញ្ជាក់ថា សម្រាប់លោក គម្រោងសាងសង់រោងចក្រផលិតអគ្គិសនីរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅខេត្តកោះកុង មានសារៈសំខាន់លើសពីការផលិតថាមពលអគ្គិសនីទៅទៀត។ គម្រោងនេះ​ចូលរួមចំណែកពង្រឹងសន្តិសុខថាមពលរបស់កម្ពុជា ពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្ម និងជាមូលដ្ឋានគ្រឹះ​សម្រាប់ការកសាងសេដ្ឋកិច្ចមួយដែលមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំង និងភាពម្ចាស់ការលើខ្លួនឯង​កាន់តែខ្ពស់។

អ្នកឧកញ៉ាតែងតែជឿជាក់ថា មហិច្ឆតារបស់ប្រទេសជាតិក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មអាចសម្រេចបាន គឺអាស្រ័យលើភាពរឹងមាំនៃហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់ការអភិវឌ្ឍនោះ។ ការផ្គត់ផ្គង់ថាមពលដែល​មានស្ថិរភាព និងអាចទុកចិត្តបាន គឺជាកត្តាដ៏ចាំបាច់ក្នុងការទាក់ទាញការវិនិយោគ ពង្រីកសកម្មភាពផលិតកម្ម បង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង។

ដោយគ្រោងដាក់ឱ្យដំណើរការផលិត និងផ្គត់ផ្គង់ថាមពលដំណាក់កាលទីមួយ មានអានុភាព៤៥០មេហ្កាវ៉ាត់ នៅចុងឆ្នាំ២០២៦ និងដំណាក់កាលបន្ទាប់ មានអានុភាព៤៥០មេហ្កាវ៉ាត់ នៅឆ្នាំ២០២៧ គម្រោងនេះគឺជាជំហាន​ដ៏​សំខាន់មួយឆ្ពោះទៅរកការសម្រេចចក្ខុវិស័យរបស់កម្ពុជា។

ទន្ទឹមនឹងគម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន​នៅស្រុកបុទុមសាគរ អ្នកឧកញ៉ាមានចក្ខុវិស័យចង់​ឃើញ​ខេត្តកោះកុងក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏រីកចម្រើនមួយ ដែលអាចទាក់ទាញវិនិយោគិនអន្តរជាតិ ពង្រឹងសមត្ថភាពសហគ្រាសកម្ពុជា និងបង្កើតឱកាសកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជា។

ក្រោមការដឹកនាំប្រកបដោយថាមពល និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជា​កំពុងបន្តបោះជំហានឆ្ពោះទៅរកសេដ្ឋកិច្ច ដែលមាន​ភាពចម្រុះ ភាពធន់ និងសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានមោទនភាពដែលបាន​ចូលរួមចំណែកក្នុងការសម្រេចមហិច្ឆតាជាតិដ៏សំខាន់នេះ។

«យើងមិនត្រឹមតែវិនិយោគសម្រាប់កម្ពុជា ដែលយើងមើលឃើញនៅថ្ងៃនេះប៉ុណ្ណោះទេ។ យើងកំពុងវិនិយោគ​ដើម្បីកសាងកម្ពុជាមួយដែលយើងចង់ឱ្យមនុស្សជំនាន់ក្រោយទទួលបានជាមរតក។ ពីព្រោះ ភាពជោគជ័យរបស់​យើងមិនត្រូវបានវាស់វែងត្រឹមតែតាមរយៈទំហំទឹកប្រាក់វិនិយោគនោះទេ ប៉ុន្តែត្រូវបានវាស់វែងតាមរយៈវឌ្ឍនភាព និងឱកាសដែលការវិនិយោគទាំងនោះបានបង្កើតឡើងសម្រាប់ប្រទេសជាតិ និងប្រជាជនរបស់យើង»។ អ្នកឧកញ៉ា បានបន្ថែម។

អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ទៀតថា ក្រុមហ៊ុនរបស់លោកមិនមែនគ្រាន់តែ​កំពុងសាងសង់រោងចក្រ​ផលិតអគ្គិសនីមួយប៉ុណ្ណោះទេ។ ក្រុមហ៊ុនក៏កំពុងរួមចំណែកផ្តល់ថាមពល ដើម្បីជំរុញការអភិវឌ្ឍ​ឧស្សាហកម្មរបស់​កម្ពុជាផងដែរ។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប! មោទនភាពជាតិខ្មែរ៕