ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែវិច្ឆិកា អមដំណើរដោយ អ្នកឧកញ៉ា លី ភូនរ៉ាត់ សមាជិកសមាគម និងលោក យឿម ប៉ូរ៉ាន អគ្គលេខាធិការស្តីទី ចូលរួមវេទិកាតុមូល «ចក្ខុវិស័យបណ្ណសារដ្ឋានជាតិ និងសកម្មភាពឌីជីថល» ដែលជាផ្នែកមួយនៃកម្មវិធីអបអរសាទរខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ»។

ក្នុងឱកាសនេះ ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានផ្តល់កិត្តិយសប្រគល់លិខិតថ្លែងអំណរគុណជូន អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ តំណាងសមាគមឧកញ៉ាកម្ពុជា និងអ្នកឧកញ៉ា លី ភូនរ៉ាត់ តំណាងក្រុមហ៊ុន Garden City Golf Club ចំពោះការចូលរួមឧបត្ថម្ភថវិកា និងគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិ។
បណ្ណសារដ្ឋានជាតិកម្ពុជា គឺជាស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលទទួលបន្ទុកគ្រប់គ្រង ប្រមូល ថែរក្សា និងអភិរក្សឯកសាររដ្ឋបាលដែលមានតម្លៃជាប្រវត្តិសាស្ត្រ និងគតិយុត្ត សម្រាប់បម្រើដល់ការសិក្សា ស្រាវជ្រាវ និងការប្រើប្រាស់របស់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។ ឯកសារដែលបានតម្កល់នៅបណ្ណសារដ្ឋានជាតិ បានកត់ត្រាព្រឹត្តិការណ៍ និងការសម្រេចចិត្តសំខាន់ៗ ដែលឆ្លុះបញ្ចាំងពីការវិវត្តរបស់រដ្ឋ និងសង្គមកម្ពុជា ចាប់តាំងពីសតវត្សទី១៩មក។
ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ការអភិរក្សបណ្ណសារមិនត្រឹមតែផ្តោតលើការថែរក្សាឯកសាររូបវន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតម្រូវឱ្យមានការធ្វើឌីជីថលកម្ម ការរៀបចំប្រព័ន្ធទិន្នន័យ ការពង្រឹងបច្ចេកទេសថែរក្សា និងការបង្កើនលទ្ធភាពចូលប្រើប្រាស់ឯកសារប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ដើម្បីធានាឱ្យបេតិកភណ្ឌឯកសារជាតិត្រូវបានរក្សាទុក និងបន្តប្រើប្រាស់បានយូរអង្វែង។
ការចូលរួម និងឧបត្ថម្ភគាំទ្ររបស់សមាគមឧកញ៉ាកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិ បានបង្ហាញពីស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាល និងស្ថាប័នជំនាញ ក្នុងការអភិរក្ស និងស្តារឡើងវិញនូវឯកសារប្រវត្តិសាស្ត្រ ព្រមទាំងជំរុញការផ្សព្វផ្សាយ ការបណ្តុះបណ្តាលចំណេះដឹង និងបច្ចេកទេសពាក់ព័ន្ធនឹងការគ្រប់គ្រង និងថែរក្សាឯកសារ។
សម្រាប់សមាគមឧកញ៉ាកម្ពុជា ឯកសារដែលតម្កល់ និងថែរក្សានៅបណ្ណសារដ្ឋានជាតិ មិនត្រឹមតែជាឯកសាររដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែជាបេតិកភណ្ឌជាតិ និងជារតនវត្ថុដ៏មានតម្លៃ ដែលផ្ទុកនូវប្រវត្តិសាស្ត្រ អត្តសញ្ញាណជាតិ និងភស្តុតាងគតិយុត្ត សម្រាប់ជាមូលដ្ឋានដល់ការសិក្សាស្រាវជ្រាវ ការយល់ដឹងពីអតីតកាល និងការបន្តកសាងអនាគតរបស់ប្រទេសជាតិ។
តាមរយៈការចូលរួមនេះ សមាគមឧកញ៉ាកម្ពុជា បន្តបង្ហាញពីការប្តេជ្ញាចិត្តក្នុងការរួមចំណែកលើការងារសង្គម វប្បធម៌ និងការអភិរក្សបេតិកភណ្ឌជាតិ ដើម្បីថែរក្សាការចងចាំរួមរបស់ជាតិ និងលើកកម្ពស់អត្តសញ្ញាណកម្ពុជាឱ្យបន្តស្ថិតស្ថេរទៅកាន់ជំនាន់ក្រោយ។






