នាយកប្រតិបត្តិអង្គការ HFHI វាយតម្លៃខ្ពស់ចំពោះគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​

សង្គម​ និង​សេដ្ឋកិច្ច

នាយកប្រតិបត្តិនៃអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ (HFHI)បានបង្ហាញការវាយតម្លៃខ្ពស់ចំពោះគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា ដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាមួយលោក Jonathan T. M. Reckford នាយកប្រតិបត្តិនៃអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ (HFHI) កាលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាស លោកនាយកប្រតិបត្តិ បានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ដែលបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍលំនៅឋានសមរម្យ ការពង្រឹងវិស័យសុខាភិបាល និងវិស័យអប់រំ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ លោក ក៏បានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវគោលនយោបាយផ្តល់លំនៅឋានជូន​ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។

លើសពីនេះ នាយកប្រតិបត្តិអង្គការ HFHI បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់អង្គការ ក្នុងការលើកកម្ពស់ជីវភាព​របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរយៈពេល ២៣ ឆ្នាំកន្លងមកនេះ។ សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ផ្តល់អាទិភាពខ្ពស់លើការពង្រឹងការអភិវឌ្ឍនគរូបនីយកម្ម ការកែលម្អលក្ខខណ្ឌរស់នៅ និងការលើកកម្ពស់លំនៅឋានដែលមានតម្លៃសមរម្យសម្រាប់គ្រួសារដែលមានចំណូលទាប និងគ្រួសារ​ក្រីក្រ​​ ដូចមានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

ដោយមើលឃើញពីសារៈសំខាន់នៃកម្មសិទ្ធិដីធ្លីស្របច្បាប់របស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានកំណត់ទិសដៅជំរុញការបញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លីនៅឆ្នាំ២០២៧ សំដៅបង្កលក្ខខណ្ឌអំណោយផលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់អចលនទ្រព្យរបស់ខ្លួន ដើម្បីប្រកបរបរចិញ្ចឹមជីវិត ព្រមទាំងផ្តល់ទំនុកចិត្តបន្ថែមដល់វិនិយោគិន។ ការណ៍នេះ នឹងផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាលក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីរយៈពេលវែង និងអនុវត្ត «ទស្សនាទាននៃការរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល» ប្រកបដោយប្រសិទ្ធភាព។

តាមរយៈជំនួបនោះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវកម្មវិធី និងគោលនយោបាយជាច្រើន ក្នុងការផ្តល់ដីធ្លី និងលំនៅឋានជូនពលរដ្ឋដែលគ្មានដីពិតប្រាកដ រួមមាន៖ កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ការផ្តល់ដីសម្បទានសង្គមកិច្ច និងគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ជាដើម។ ជាក់ស្ដែង​ សម្តេចធិបតីបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការសាងសង់ជម្រកបណ្តោះអាសន្នប្រមាណ ៥ ០០០ ខ្នង ជូនដល់ជនភៀសសឹកដែលរងផលប៉ះពាល់ដោយសារជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ កន្លងមក៕អត្ថបទ៖ហ្សាលីន