សម្តេចធិបតី៖ អត្រាក្រិសក្រិនរបស់កុមារកម្ពុជា អាយុក្រោម៥ឆ្នាំ បានធ្លាក់ចុះពី ៥០% មកត្រឹម២២ %

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងរយៈពេលជាងពីរទសវត្សកន្លងទៅនេះ តាមរយៈការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់នីតិកាល បានធ្វើឱ្យអត្រាប្រេវ៉ាឡង់នៃភាពក្រិសក្រិនរបស់កុមារអាយុក្រោម៥ឆ្នាំ បានធ្លាក់ចុះពី ៥០ភាគរយ មកត្រឹម២២ភាគរយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ (៦ វិច្ឆិកា ២០១៤ – ៦ វិច្ឆិកា ២០២៦) ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»។

លិខិតនោះ បានបញ្ជាក់ថា ក្នុងរយៈពេលជាងពីរទសវត្សកន្លងទៅនេះ តាមរយៈការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់នីតិកាល ស្ថានភាពអាហារូបត្ថម្ភ និងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា មាន ការរីកចម្រើនជាបន្តបន្ទាប់គួរជាទីមោទនៈ។

ជាមួយគ្នានេះ សម្តេចថា ដោយមានការប្តេជ្ញាចិត្តដ៏រឹងមាំ និងការធ្វើកិច្ចការរួមគ្នារវាងវិស័យ នានា បញ្ហាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនទុកនរណា ម្នាក់ចោលឡើយ។ ជាក់ស្តែង អត្រាប្រេវ៉ាឡង់នៃភាពក្រិសក្រិនរបស់កុមារអាយុក្រោម៥ឆ្នាំ បានធ្លាក់ចុះពី ៥០ភាគរយ មកត្រឹម២២ភាគរយ រីឯអត្រាស្គមស្គាំង បានធ្លាក់ចុះពី១៧ភាគរយ មកត្រឹម៩,៦ភាគរយ ហើយ អត្រាកុមារមិនគ្រប់ទម្ងន់ បានធ្លាក់ចុះពី៣៩ភាគរយ មកត្រឹម១៦ភាគរយ។

ចំណែកឯ ស្ថានភាពសុខភាពមាតា ទារក កុមារ និងការកាត់បន្ថយអត្រាមរណភាពកុមារ សម្តេចថា ក៏មានភាពល្អប្រសើរឡើងគួរឱ្យកត់សម្គាល់។ ទោះជា យ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដូចជា ក្រិសក្រិន ស្គមស្គាំង កង្វះមីក្រូសារជាតិ និង ភាពស្លេកស្លាំង ការលើសទម្ងន់ ភាពធាត់ជ្រុល និងជំងឺមិនឆ្លងនានា ដែលទាមទារនូវដំណោះស្រាយប្រកបដោយ ប្រសិទ្ធភាព។

យ៉ាងណាមិញ ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គោលនយោបាយ និងយុទ្ធសាស្ត្រនានា ក្នុងនោះការអនុវត្តកម្មវិធី គោលនយោបាយអាទិភាពទី១ គឺការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្តោតជាចម្បងលើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាព បឋមនៅមូលដ្ឋាន និងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជន ដែលជាកាតាលីករក្នុង ការអភិវឌ្ឍមូលធនមនុស្ស ការជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសង្គម។ រាជរដ្ឋាភិបាលកម្ពុជាបាន កំណត់យកការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពខ្ពស់បំផុត នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយទទួលស្គាល់ថា ការអភិវឌ្ឍប្រកបដោយចីរភាពនិងភាពធន់ គឺអាស្រ័យជាចម្បងលើសុខភាព ចំណេះដឹង និងសមត្ថភាពរបស់ប្រជាពលរដ្ឋ ហើយអាហារូបត្ថម្ភ គឺជាសសរស្តម្ភដ៏សំខាន់មួយ៕ អត្ថបទ៖ អត្ថបទ៖ហ្សាលីន