ប្រទេសកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា(កយកា-KOICA) ប្រចាំកម្ពុជា ថ្មីៗនេះបានរៀបចំវគ្គតម្រង់ទិសដល់មន្ត្រីរដ្ឋាភិបាលកម្ពុជាមកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ និងក្រសួងពាណិជ្ជកម្ម មុនពេលចូលរួមវគ្គបណ្តុះបណ្តាលឆ្នាំទីបីក្នុងកម្មវិធីស្តីពី”ការកសាងសមត្ថភាពសម្រាប់កម្មសិទ្ធិបញ្ញានិងប្រព័ន្ធកម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣ដល់ឆ្នាំ២០២៥”។

វគ្គបណ្តុះបណ្តាលគ្រោងប្រព្រឹត្តទៅនៅសាធារណរដ្ឋកូរ៉េចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ វាជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទូលំទូលាយរបស់កយកា-KOICAជាមួយកម្ពុជាដើម្បីពង្រឹងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាតាមរយៈ ការអភិវឌ្ឍធនធានមនុស្ស ដោយផ្តោតលើការច្នៃប្រឌិតនិងសិទ្ធិកម្មសិទ្ធិបញ្ញា។

លោកស្រី សេជីន លី នាយិការងនៃការិយាល័យកយកា-KOICAប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា “ការបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងរបស់កម្ពុជា សម្រាប់វឌ្ឍនភាពក្នុងវិស័យកម្មសិទ្ធិបញ្ញា។ គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលកូរ៉េ ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់កម្ពុជា តាមរយៈការពង្រឹងធនធានមនុស្សនៅក្នុងវិស័យសំខាន់នេះ”។
លោកស្រីលើកឡើងថា កិច្ចសហប្រតិបត្តិការរបស់ កយកា-KOICA ជាមួយកម្ពុជា បានពង្រីកលើសពីកម្មសិទ្ធិបញ្ញា ដោយKOICAបានជួយដល់វិស័យផ្សេងៗទៀត រួមទាំង សុខភាពសាធារណៈ ការអប់រំ និងកសិកម្ម។ តួងយ៉ាងចាប់តាំងពីឆ្នាំ១៩៩៤មកKOICA បាននិងកំពុងផ្តល់ទាំងកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តាមរយៈកម្មវិធីការកែលម្អសមត្ថភាពនិងវឌ្ឍនភាពសម្រាប់ថ្ងៃស្អែក ឬកម្មវិធីបណ្តុះបណ្តាល ដល់មន្ត្រីរដ្ឋាភិបាលកម្ពុជានៅទូទាំងវិស័យជាច្រើន។
បើយោតាមទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បន្ទាប់ពីវគ្គបណ្តុះបណ្តាលឆ្នាំទី១និងទី២ កម្មវិធីឆ្នាំនេះនឹងមានសិក្ខាកាមចូលរួមចំនួន១៥នាក់ដែលនឹងទទួលបានការបណ្តុះបណ្តាលជាក់ស្តែងស្តីពីម៉ាក ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ គំនូរឧស្សហកម្ម និងយុទ្ធសាស្ត្រសម្រាប់ពាណិជ្ជកម្មនិងការគ្រប់គ្រងបច្ចេកវិទ្យា។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់សមត្ថភាពរបស់កម្ពុជាក្នុងការបង្កើតនិងប្រើប្រាស់កម្មសិទ្ធិបញ្ញាដោយហេតុនេះគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការបង្កើតឱកាសថ្មីៗតាមរយៈការការពារប្រកបដោយប្រសិទ្ធភាព និងការអនុវត្ត កម្មសិទ្ធិបញ្ញា៕


