ក្រុមហ៊ុនខ្នាតយក្ស Google ប្រកាសគម្រោងវិនិយោគ ១៥ពាន់លានដុល្លារលើមជ្ឈមណ្ឌលទិន្នន័យនៅម៉ាឡេស៊ី

អន្តរជាតិ

ក្រុមហ៊ុន Google កាលពីពេលថ្មីៗនេះបានប្រកាសផែនការវិនិយោគទឹកប្រាក់ចំនួន ១៥ពាន់លានដុល្លារនៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងរយៈពេល ២ឆ្នាំខាងមុខ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ (data centers) និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ខណៈពេលតម្រូវការសម្រាប់សេវាកម្មបញ្ញាសិប្បនិម្មិត (AI) កំពុងកើនឡើងយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម៉ាឡេស៊ី ត្រូវបានចាត់ទុកថាមជ្ឈមណ្ឌលដែលកំពុងមានកំណើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍ សម្រាប់ការបង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មីៗ ដោយមានអគារធំៗស្រដៀងនឹងឃ្លាំង ហើយពោរពេញទៅដោយម៉ាស៊ីនមេ (servers) ដែលអាចប្រើប្រាស់សម្រាប់បណ្តុះបណ្តាល និងដំណើរការឧបករណ៍ AI ផ្សេងៗ ដូចជាកម្មវិធីជជែកឆ្លើយឆ្លង (chatbots) និងឧបករណ៍បង្កើតរូបភាពជាដើម។

យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៤ ខែវិច្ឆិកា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានលើកឡើងថា៖ “ម៉ាឡេស៊ីគឺជាប្រទេសសេដ្ឋកិច្ចឌីជីថលដ៏រស់រវើកបំផុតមួយនៅអាស៊ីអាគ្នេយ៍ ដោយទទួលបានកម្លាំងជំរុញពីអត្រាអ្នកប្រើប្រាស់អ៊ីនធឺណិតរហូតដល់ ៩៩% និងការទទួលយកបច្ចេកវិទ្យា AI យ៉ាងឆាប់រហ័ស ទាំងនៅក្នុងស្ថាប័នរដ្ឋ អាជីវកម្ម និងក្នុងចំណោមអ្នកប្រើប្រាស់ទូទៅ”។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Google បានបញ្ជាក់ទៀតថា ការវិនិយោគចំនួន ១៥ពាន់លានដុល្លារនេះ នឹងធ្វើឡើងក្នុងរយៈពេល ២ឆ្នាំខាងមុខ (ពីឆ្នាំ ២០២៧ ដល់ ២០២៨) ដោយបន្ថែមលើគម្រោងវិនិយោគចំនួន ២ពាន់លានដុល្លារ ដែលបានប្រកាសកាលពីឆ្នាំ២០២៤៕​