កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក អ៊ុ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកនៃសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មតំបន់ (RCI) និងបានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ (High-Level Panel) ស្តីពីវិធីសាស្ត្រប្រតិបត្តិការសម្រាប់ការស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់។

ព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះ ត្រូវបានរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយមានការចូលរួមយ៉ាងកុះករពីតំណាងប្រទេសនានាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក សរុបចំនួន ២៩ ប្រទេស។
សន្និសីទនេះ ធ្វើឡើងក្នុងគោលបំណងយ៉ាងសំខាន់ដើម្បីពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មតំបន់ ដោយផ្ដោតលើការកំណត់អាទិភាពគន្លឹះក្នុងការបង្កើនផលិតភាព និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ចតំបន់ទាំងមូល។

លោកអនុរដ្ឋលេខាធិការ បានលើកឡើងយ៉ាងច្បាស់លាស់ពីរបៀបវារៈ និងអាទិភាពសំខាន់ៗរបស់កម្ពុជាក្នុងវិស័យពាណិជ្ជកម្ម។ កម្ពុជាបានផ្ដោតលើការពន្លឿនពាណិជ្ជកម្មគ្មានក្រដាសស្នាម ដែលជាការធ្វើទំនើបកម្មនីតិវិធីពាណិជ្ជកម្មឱ្យកាន់តែរហ័ស និងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ គឺការជម្រុញការតភ្ជាប់ឌីជីថល និងអន្តរប្រតិបត្តិការ ដើម្បីនាំយកអាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម (MSMEs) របស់កម្ពុជា ឱ្យហក់ចូលទៅក្នុងទីផ្សារកម្រិតតំបន់។
ជាងនេះទៅទៀត លោកក៏បានសង្កត់ធ្ងន់លើការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ តាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ កិច្ចសម្រួលពាណិជ្ជកម្ម និងការបញ្ជ្រាបខ្លួនចូលទៅក្នុងខ្សែច្រវាក់តម្លៃក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ។ ការចូលរួមរបស់តំណាងក្រសួងពាណិជ្ជកម្មកម្ពុជានៅក្នុងវេទិកានេះ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការរួមចំណែកស្តារ និងជំរុញកំណើនសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឱ្យមាននិរន្តរភាព និងបរិយាបន្ន ក្នុងយុគសម័យឌីជីថល៕


