អ្នកឧកញ៉ា ហ៊ុន ឡាក់ ចូលរួមជាមួយគណៈប្រតិភូកម្ពុជា ក្នុងកម្មវិធីផ្លាស់ប្តូរសហគ្រិនវ័យក្មេងកម្ពុជា-ចិន ឆ្នាំ២០២៥ នៅប្រទេសចិន

សមាគមឧកញ៉ាកម្ពុជា

យោងតាមសំណើរបស់ ផ្ទះយុវជន មិត្តភាពកម្ពុជា-ចិន លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំងអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ ចូលរួមជាមួយគណៈប្រតិភូកម្ពុជាដើម្បីចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរសហគ្រិនវ័យក្មេងកម្ពុជា-ចិន ឆ្នាំ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាកិច្ចចាប់ផ្តើម នៃការបំពេញបេសកកម្មនេះ នាថ្ងៃទី១៩ ឧសភា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន ឡាក់ រួមជាមួយគណៈប្រតិភូកម្ពុជា ក្រោមការដឹកនាំដោយឯកឧត្តម គីម រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម លីវ ជានឆាវ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការកណ្តាលគណៈបក្សកុម្មុយនីស្តចិន ដោយបានផ្តោតលើកិច្ចពិភាក្សាក្នុងការធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរថ្នាក់ដឹកនាំវ័យក្មេង សហគ្រិនវ័យក្មេង និងយុវជន ដើម្បីពង្រឹងទំនាក់ទំនង សិក្សាស្វែងយល់ បង្កើនកិច្ចសហប្រតិបត្តិការ ក៏ដូចជាជំរុញការយល់ដឹងគ្នាទៅវិញទៅមករវាងកម្ពុជា និងចិន។

ជាមួយគ្នានេះ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការលើកកម្ពស់សហគ្រិនភាព និងចូលរួមក្នុងការកសាងសហគមន៍ជោគវាសនារួមក្នុងយុគសម័យថ្មីគ្រប់រដូវកាល។

ក្នុងឱកាសនេះដែរ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិកា នៃសមាគមឧកញ៉ាកម្ពុជា បានជម្រាបជូនឯកឧត្តម លីវ ជានឆាវ នូវសាវតាសង្ខេបរបស់សមាគមឧកញ៉ាកម្ពុជា រួមជាមួយតួនាទីស្នូល និងសកម្មភាពរបស់សមាគមនាពេលកន្លងមកជាពិសេសលើកិច្ចការទំនាក់ទំនងជាមួយបណ្តាស្ថាប័នអន្តរជាតិ ការទាក់ទាញវិនិយោគ និងជំរុញពាណិជ្ជកម្មជាដើម។ បន្ថែមពីលើនេះ អ្នកឧកញ៉ា ក៏បានជូននូវវត្ថុអនុស្សាវរីយ៍ ដល់ឯកឧត្តម លីវ ជានឆាវ រួមមានសៀវភៅឧកញ៉ា ឆ្នាំ២០២៥ ជាភាសាចិន អមជាមួយផលិតផលកសិកម្មដ៏មានសក្តានុពលរបស់កម្ពុជាដូចជាគ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ កាហ្វេ ស្កត្នោត ម្រេច ផងដែរ។ 

សូមបញ្ជាក់ថា ឯកឧត្តម លីវ ជានឆាវ គឺជាឥស្សរជនជាន់ខ្ពស់មួយរូបនៃភាគីចិនដែលបានចូលរួមយ៉ាងសកម្មនាពេលកន្លងមក ជាពិសេសលើកិច្ចពិភាក្សាជាបន្តបន្ទាប់ជាមួយសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រហូតសម្រេចបាននូវការបង្កើតជាផ្លូវការ «ផ្ទះយុវជន មិត្តភាពកម្ពុជា-ចិន» នេះឡើង។ ចំពោះ កម្មវិធីផ្លាស់ប្តូរសហគ្រិនវ័យក្មេងកម្ពុជា-ចិន ឆ្នាំ២០២៥ មានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៩ ខែឧសភា ដោយប្រព្រឹត្តទៅនៅរដ្ឋធានីប៉េកាំង ក្រុងដាលាន និងក្រុងសិនជិន នៃសាធារណរដ្ឋប្រជាមានិតចិនក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងរវាងអ្នកជំនាញ រួមទាំងសហគ្រិននៃប្រទេសទាំងពីរដើម្បីរួមគ្នាអភិវឌ្ឍ និងជំរុញការវិនិយោគប្រកបដោយសក្តានុពលទាំងពេលបច្ចុប្បន្ន និងអនាគត៕