មហាសេដ្ឋី Elon Musk កំពុងប្រឈមមុខនឹងការស៊ើបអង្កេតពីបក្សប្រជាធិបតេយ្យ ជុំវិញការរឹតបន្តឹងប្រព័ន្ធ Starlink

អន្តរជាតិ

សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក បានស្នើសុំឲ្យមហាសេដ្ឋីមានដាច់គេលើលោក Elon Musk រក្សាទុកឯកសារនានា ដើម្បីធ្វើការស៊ើបអង្កេតពាក់ព័ន្ធទៅនឹងការរឹតត្បិតដែលបានដាក់លើប្រព័ន្ធ Starlink និង Starshield នៅក្នុងប្រទេសអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី៥ ខែវិច្ឆិកា ទីភ្នាក់ងារព័ត៌មាន CNN ដោយដកស្រង់សម្តីជំនួយការម្នាក់របស់គណបក្សប្រជាធិបតេយ្យក្នុងព្រឹទ្ធសភាអាមេរិក បានរាយការណ៍ថា គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភា បានផ្ញើលិខិតទៅកាន់ក្រុមហ៊ុនឯកជននានា និងរដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដោយស្នើសុំឱ្យពួកគេរក្សាទុកឯកសារ ដើម្បីត្រៀមសម្រាប់ការស៊ើបអង្កេតដែលរំពឹងថានឹងធ្វើឡើងនៅក្នុងសម័យប្រជុំសភាលើកក្រោយ។

ជុំវិញឯកសារដែលទាក់ទងនឹងការដាក់កម្រិតលើបណ្តាញ Starlink និង Starshield នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានផ្ញើទៅកាន់មហាសេដ្ឋី Elon Musk ដែលជាប្រធានក្រុមហ៊ុន SpaceX ។ សំណើស្រដៀងគ្នានេះ ក៏ត្រូវបានផ្ញើទៅកាន់កំពង់ផែ ធនាគារ និងអង្គភាពឯកជននានា ដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនាំចូលប្រេងម៉ាស៊ូតជាមួយប្រទេសរុស្ស៊ីផងដែរ។

គួរឲ្យដឹងថា សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យនៅក្នុងសភាសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមបើកការស៊ើបអង្កេតជាបន្តបន្ទាប់ទៅលើការសម្រេចចិត្តនានារបស់រដ្ឋបាលលោក ត្រាំ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។

ជម្រាបជូនថា Starlink គឺជាបណ្តាញអ៊ីនធឺណិតតាមផ្កាយរណបសម្រាប់ប្រើប្រាស់ទូទៅ ដែលប្រតិបត្តិការដោយក្រុមហ៊ុន SpaceX។ ក្រុមហ៊ុន SpaceX ក៏មានកំណែមួយទៀតហៅថា Starshield ដែលប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរបស់ Starlink ហើយត្រូវបានអភិវឌ្ឍទៅជាប្រព័ន្ធទំនាក់ទំនងដែលមានសុវត្ថិភាពខ្ពស់សម្រាប់ប្រើប្រាស់ក្នុងវិស័យយោធា និងត្រូវបានប្រើប្រាស់ដោយក្រសួងការពារជាតិអាមេរិក និងកងទ័ពអ៊ុយក្រែន៕​