សមាជិកព្រឹទ្ធសភាទើបជាប់ឆ្នោត ផ្ញើសារទៅមហាសេដ្ឋី Elon Musk ថា រដ្ឋតិចសាស់មិនមែនសម្រាប់លក់ឡើយ

អន្តរជាតិ

សមាជិកព្រឹទ្ធសភាទើបជាប់ឆ្នោត លោក James Talarico បានលើកឡើងថា ជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យនៅឯរដ្ឋតិចសាស់ គឺជាការឆ្លើយតបទៅនឹងអំណាចទឹកប្រាក់ដែលត្រូវបានប្រើប្រាស់ដោយមហាសេដ្ឋីមានដាច់គេលើលោក Elon Musk។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CBS។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក James Talarico ដែលជាអ្នកនយោបាយមកពីគណបក្សប្រជាធិបតេយ្យ និងទើបតែទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភារដ្ឋតិចសាស់ បានថ្លែងប្រាប់បណ្តាញព័ត៌មាន CBS កាលពីថ្ងៃទី៤ ខែវិច្ឆិកា ថា៖ “ប្រជាពលរដ្ឋបានបញ្ជូនសារយ៉ាងច្បាស់លាស់មួយទៅកាន់មហាសេដ្ឋីលុយទ្រីលានដុល្លារដំបូងគេបង្អស់នៅលើពិភពលោកថា រដ្ឋតិចសាស់មិនមែនជាទំនិញសម្រាប់លក់នោះទេ។ អំណាចនៅក្នុងរដ្ឋនេះ និងនៅក្នុងប្រទេសនេះ គឺជារបស់ប្រជាពលរដ្ឋប៉ុណ្ណោះ”។

គួរឲ្យដឹងថាជុំវិញការលើកឡើងនេះ បន្ទាប់ពី លោក Musk ត្រូវបានគេរាយការណ៍ថា បានចំណាយទឹកប្រាក់ជាង ១៥០លានដុល្លារ ដើម្បីគាំទ្របេក្ខជនមកពីគណបក្សសាធារណរដ្ឋគឺលោក Ken Paxton ។ លើសពីនេះ មូលនិធិមួយដែលគ្រប់គ្រងដោយលោក Musk ក៏បានបរិច្ចាគទឹកប្រាក់ ១០លានដុល្លារទៅឱ្យ Lone Star Liberty PAC ដែលជាអង្គការឯករាជ្យមួយគាំទ្រដល់លោក Paxton ផងដែរ។

ជម្រាបជូនថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទទួលបានការគាំទ្រពីអភិបាលរដ្ឋមកពីគណបក្សសាធារណរដ្ឋគឺលោក Greg Abbott មហាសេដ្ឋី Elon Musk បានសាងសង់មជ្ឈមណ្ឌលទិន្នន័យជាច្រើននៅក្នុងរដ្ឋតិចសាស់ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងខ្លាំងនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ សកម្មភាពនេះបានប្រែក្លាយរដ្ឋដ៏ធំមួយនេះ ទៅជាមជ្ឈមណ្ឌលនៃមជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅសហរដ្ឋអាមេរិក ដោយសាររដ្ឋនេះមានផ្ទៃដីធំទូលាយ បណ្តាញអគ្គិសនីឯករាជ្យ និងគោលនយោបាយពន្ធដារដែលអំណោយផលដល់អាជីវកម្មជាដើម៕​