មហាសេដ្ឋី Bill Gates ព្រមានថារដ្ឋាភិបាលនានា កំពុងមានភាពយឺតយ៉ាវខ្លាំងចំពោះ AI

អន្តរជាតិ

មហាសេដ្ឋីលំដាប់កំពូលរបស់ពិភពលោក Bill Gates បានព្រមានថាមិនទាន់មានរដ្ឋាភិបាលណាមួយក្នុងពិភពលោកបានត្រៀមខ្លួនរួចរាល់នៅឡើយទេសម្រាប់បម្រែបម្រួលដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នឹងនាំមកកាន់សង្គមនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ ក៏បានគូសបញ្ជាក់ពីហានិភ័យធំៗជាច្រើនផ្សេងទៀត រួមមានផលប៉ះពាល់លើការងារ ការព្រួយបារម្ភអំពីការវាយប្រហារតាមបច្ចេកវិទ្យា និងគ្រោះថ្នាក់នៃការញៀនទៅនឹងការប្រើប្រាស់នៃ AI នេះផងដែរ។

មិនតែប៉ុណ្ណោះ លោក Bill Gates បាននិយាយទៅក្នុងបទសម្ភាសមួយកាលពីពេលថ្មីៗនេះថា៖” ខ្ញុំមិនគិតថាមានរដ្ឋាភិបាលណាមួយបានស្វែងយល់ ឬរៀបចំខ្លួនបានស៊ីជម្រៅលើរឿងនេះ ដូចអ្វីដែលពួកគេត្រូវធ្វើនោះទេ”។ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា បច្ចេកវិទ្យានេះមានសក្តានុពលយ៉ាងខ្លាំងក្នុងការជួយដល់ប្រជាជនក្រីក្របំផុតក្នុងពិភពលោក ប្រសិនបើវាត្រូវបានគ្រប់គ្រងបានត្រឹមត្រូវ និងទទួលបានដោយស្មើភាពគ្នានោះ។

លើសពីនេះ​ លោក Bill Gates បាននិយាយថា លោកបាននិងកំពុងពិភាក្សាជាមួយមេដឹកនាំពិភពលោកអំពីក្តីបារម្ភរបស់លោក រួមទាំងជាមួយប្រធានាធិបតី ដូណាល់ ត្រាំ និងក្រុមការងាររបស់លោកនៅសហរដ្ឋអាមេរិក ហើយក៏គ្រោងនឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅចុងឆ្នាំនេះ ដើម្បីពិភាក្សាអំពីបញ្ហាដូចគ្នានេះផងដែរ៕​