សហភាពអឺរ៉ុប (EU) នឹងស្នើច្បាប់ហាមឃាត់ ឬរឹតបន្តឹងកុមារ និងយុវជនដែលមានអាយុក្រោម ១៥ឆ្នាំ មិនឱ្យប្រើប្រាស់បណ្តាញសង្គម វេទិកាចែករំលែកវីដេអូ AI chatbots និងហ្គេមអនឡាញ ដែលនេះត្រូវបានចាត់ទុកថាជាផែនការដ៏ម៉ឺងម៉ាត់បំផុតមួយដើម្បីការពារកុមារពីគ្រោះថ្នាក់តាមប្រព័ន្ធអ៊ីនធឺណិត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កង្វល់អំពីផលប៉ះពាល់លើសុខភាព និងសុវត្ថិភាពរបស់កុមារកំពុងតែកើនឡើងយ៉ាងខ្លាំងនៅលើពិភពលោក ដែលពាក់ព័ន្ធនឹងកម្មវិធីល្បីៗដូចជា Facebook និង Instagram របស់ក្រុមហ៊ុន Meta, TikTok, YouTube របស់ Google និង ChatGPT ជាដើម។
យ៉ាងណាមិញ ជុំវិញសំណើរបស់ EU នេះគឺជាផ្នែកមួយនៃ «លិខិតបទដ្ឋានច្បាប់ស្តីពីកុមាររបស់ EU» ឬ (EU Kids Act) ដែលប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានផ្នែកបច្ចេកវិទ្យារបស់ EU លោកស្រី Henna Virkkunen នឹងត្រៀមដាក់បង្ហាញនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។ លោកស្រីប្រធានគណៈកម្មការអាចនឹងប្រកាសព័ត៌មានលម្អិតមួយចំនួនបន្ថែមទៀត នៅក្នុងថ្លែងការណ៍ស្តីពី «ស្ថានភាពសហភាពអឺរ៉ុប» ផងដែរ។
មិនតែប៉ុណ្ណោះ ឯកសារនោះបានបញ្ជាក់ថា៖”វិធីសាស្ត្ររបស់សហភាពអឺរ៉ុប គួរតែអនុញ្ញាតឱ្យអនីតិជនទទួលបានអត្ថប្រយោជន៍ពីសក្តានុពលដ៏ធំធេងនៃសេវាកម្មឌីជីថល ខណៈពេលដែលត្រូវការពារពួកគេពីការរំលោភបំពាន និងការកេងប្រវ័ញ្ច។ វាចាំបាច់ត្រូវរឹតបន្តឹងការចូលប្រើប្រាស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាមកកាន់កុមាររបស់យើង”។
គួរជម្រាបជូនថា សំណើរបស់គណៈកម្មការដែលនឹងរាប់បញ្ចូលទាំងវេទិកាហ្គេមវីដេអូផងនោះ នឹងអនុញ្ញាតឱ្យមានការចូលប្រើប្រាស់សេវាកម្មផ្សេងៗជាបណ្តើរៗទៅតាមអាយុ ខណៈពេលដែលកាតព្វកិច្ចដែលត្រូវដាក់លើក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះ នឹងផ្អែកលើប្រភេទនៃសេវាកម្ម និងអាយុរបស់កុមារ៕

