ស្ថាប័នជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA HQ) និងតំណាងការិយាល័យ JICA ប្រចាំកម្ពុជា កាលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីរួមគ្នាជំរុញលើគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ១ និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្រោមវត្តមានលោក តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល និងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់) ព្រមទាំងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA HQ) និងតំណាងការិយាល័យ JICA ប្រចាំកម្ពុជា (JICA Cambodia Office)។

កម្ពុជា-ជប៉ុន បានបើកកិច្ចប្រជុំ ដោយបានផ្តោតលើការពិភាក្សាលម្អិតអំពី៖ ១. ការបង្ហាញរបាយការណ៍បេសកកម្មស្វែងយល់ការពិត (Kick-Off Presentation by Fact Finding Mission Team) លើការសិក្សាសមិទ្ធលទ្ធភាពនៃគម្រោង ២. វិសាលភាពនៃការកែលម្អ និងពង្រីកផ្លូវជាតិលេខ១ ព្រមទាំងការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដឹកជញ្ជូន និងលំហូរចរាចរណ៍លើច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និង ៣.ការពិភាក្សាលើទិដ្ឋភាពបច្ចេកទេស ហិរញ្ញវត្ថុ ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម (EIA & RAP) ព្រមទាំងផែនការសកម្មភាពបន្ត។

កិច្ចប្រជុំបានប្រព្រឹត្តទៅ និងបញ្ចប់ដោយរលូនតាមការគ្រោងទុក ដោយភាគីពាក់ព័ន្ធបានឯកភាពលើទិសដៅការងារ និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះឱ្យលេចរូបរាងឡើងតាមផែនការ។
សូមជម្រាបដែរថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ១ និងការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ គឺជាគម្រោងសំខាន់របស់រដ្ឋាភិបាលកម្ពុជា សហការជាមួយភាគីជប៉ុន (JICA) ដើម្បីពង្រីកផ្លូវពី ២ គន្លង ដល់ ៦ គន្លង និងកែលម្អច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង៕អត្ថបទ៖ហ្សាលីន

