ឧកញ៉ា លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ, ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប យល់ឃើញថា ការប្រសិទ្ធនាមថា «ភូមិរង់ចាំ» ជាការបញ្ជាក់ថា ការឈ្លានពាន ដែលយើងបានរងគ្រោះគឺមិនទាន់បានបញ្ចប់នោះទេ ហើយការតស៊ូទាមទារទឹកដីដែលជាភូមិស្ថានស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏នៅតែបន្ត។
ការលើកឡើងរបស់លោកឧកញ៉ាខាងលើនេះ គឺបន្ទាប់ពីកាលថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកឧកញ៉ា បានចូលរួមអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៥ ខែកញ្ញា ឧកញ៉ា លី ឆេង បានលើកឡើងថា «ភូមិរង់ចាំ» គឺជាឈ្មោះភូមិថ្មីមួយដែលត្រូវបានប្រសិទ្ធនាមដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស សម្តេចតេជោ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកដោយផ្ទាល់ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។ ការប្រសិទ្ធនាមថា «ភូមិរង់ចាំ» ជាការបញ្ជាក់ថា ការឈ្លានពាន ដែលយើងបានរងគ្រោះគឺមិនទាន់បានបញ្ចប់នោះទេ ហើយការតស៊ូទាមទារទឹកដីដែលជាភូមិស្ថានស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋយើង ក៏នៅតែបន្ត។
លោកឧកញ៉ា បន្តថា ភូមិថ្មីនេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ទីជម្រកបណ្តោះអាសន្នសមរម្យ និងមានសុវត្ថិភាព ជូនគ្រួសារប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើម ព្រមទាំងសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាចាំបាច់ជូនប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋភៀសសឹក ដោយបានរៀបចំទីតាំង និងសាងសង់លំនៅឋានបណ្តោះអាសន្នក្នុងរយៈពេលដ៏ខ្លី ដោះស្រាយតម្រូវការបន្ទាន់ចំពោះមុខ ដើម្បីធានាថាប្រជាពលរដ្ឋអាចរស់នៅបានដោយសមរម្យ និងកក់ក្តៅ។
ឧកញ៉ា លី ឆេង ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តជឿជាក់ គាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ ព្រមទាំងគាំទ្រជំហរ និងរាល់ចំណាត់ការក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា៕







