អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានចុះហត្ថលេខាចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់អាហារូបករណ៍ចំនួន ២៥កន្លែង ជូនដល់កូនចៅសិល្បករ សិល្បការិនី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។

ក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថា សមាគមសិល្បករខ្មែរ មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនសិល្បករសិល្បការិនីទាំងអស់ ឱ្យបានជ្រាបថា សមាគមសិល្បករខ្មែរ នឹងផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ២៥កន្លែង (លើគ្រប់មុខជំនាញ ថ្នាក់នបរិញ្ញាបត្រ/បរិញ្ញាបត្ររង) ជូនដល់កូនចៅសិល្បករសិល្បការិនី ជាសមាជិកសមាគម។
ដើម្បីរួមចំណែកកសាងធនធានមនុស្ស និងជាការតបស្នងចំពោះកិច្ចខិតខំថែរក្សាការពារសិល្បៈវប្បធម៌ ក៏ដូចជា ជួយសម្រួលដល់ការខ្វះខាតរបស់សិល្បករ សិល្បការិនីមួយចំនួន គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្តល់អាហារូបករណ៍ចំនួន ២៥កន្លែង ជូនដល់សមាគមសិល្បករខ្មែរ ផ្តល់ជូនបន្តដល់កូនចៅរបស់សិល្បករសិល្បការិនីដែលជាសមាជិក ក្នុងបំណងរួមចំណែកកសាងមូលធនមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តល់អាទិភាពខ្ពស់ចំពោះ «កត្តាមនុស្ស» សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០២៥ ជាប្រទេសមានចំណូលខ្ពស់។
បងប្អូនសមាជិកសិល្បករសិល្បការិនី ដែលមានបំណងទទួលបានអាហារូបករណ៍ដ៏ពិសេសថ្លៃថ្លានេះ សូមរួសរាន់មកសាកសួរព័ត៌មានដោយផ្ទាល់នៅទីស្តីការសមាគមសិល្បករខ្មែរ ដែលមានអាសយដ្ឋាន ផ្ទះលេខ៣៩ ផ្លូវ៣៧៦ ភូមិ១ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ឬតាមរយៈលេខទូរសព្ទ ០១២ ៦៥២ ៦៦៦ / ០៩៥ ៨២៧ ៨២៧៕




