ទីក្រុងគួឡាឡំពួរ ប្រទេសម៉ាឡេស៊ី៖ នាព្រឹកថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលស្តីពីកំណើនប្រកបដោយបរិយាប័ន្នអាស៊ាន (ASEAN Inclusive Growth Summit)។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាស៊ីជម្រៅ និងចែករំលែកចំណេះដឹង ដើម្បីជំរុញការអភិវឌ្ឍតំបន់អាស៊ានទៅលើវិស័យសំខាន់ៗ ដែលរួមចំណែកដល់ការរីកចម្រើនរួមរបស់សង្គមជាតិ និងការសម្រេចបាននូវចក្ខុវិស័យរួមគ្នា។
ប្រធានបទស្នូលៗដែលត្រូវបានលើកយកមកពិភាក្សារួមមាន៖ ១.កំណើនប្រកបដោយចីរភាព ២.ភាពជាដៃគូផ្នែកឯកជន និងសាធារណៈប្រកបដោយនវានុវត្តន៍ ៣.បរិវត្តកម្មឌីជីថល និង ៤.បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
កិច្ចពិភាក្សា ទទួលស្គាល់នូវតួនាទីរបស់សហគ្រាសធុនតូចនិងមធ្យម (SMEs) ជាកម្លាំងចលករដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននិងនវានុវត្តន៍។
សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង បាននិងកំពុងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោកជំទាវបណ្ឌិត ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥៕






