មេធំក្រុមហ៊ុន Vingroup បន្តឡើងតំណែងជាមហាសេដ្ឋីមានដាច់គេទី២ នៅអាស៊ីអាគ្នេយ៍

អន្តរជាតិ

លោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនឈានមុខគេរបស់វៀតណាម បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួន បន្តកើនឡើង ១,១ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដែលរុញច្រានឲ្យលោកក្លាយជាអ្នកមានបំផុតទីពីរ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យដែលចេញផ្សាយដោយ Forbes បានបង្ហាញឲ្យដឹងថា កើនឡើងទ្រព្យសម្បត្តិលឿនបំផុត ក្នុងរយៈពេលត្រឹមតែមួយថ្ងៃរបស់លោក Vuong នេះ បានធ្វើឲ្យចំនួនទ្រព្យសម្បត្តិសរុបរបស់លោក ឈានដល់ ២៤,៧ពាន់លានដុល្លារ ដែលធ្វើឲ្យលោកជាប់នៅចំណាត់ថ្នាក់ទី៩២ ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោក និងចំណាត់ថ្នាក់លេខ២ នៅអាស៊ីអាគ្នេយ៍ តាមពីក្រោយមហាសេដ្ឋីឥណ្ឌូណេស៊ី លោក Prajogo Pangestu ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៤២ពាន់លានដុល្លារ។

គួរឲ្យដឹងថា លោក Pangestu គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Barito Pacific ដែលជាក្រុមហ៊ុនចម្រុះមួយ កំពុងរកស៊ីយ៉ាងសកម្មក្នុងវិស័យគីមីឥន្ធនៈ ថាមពល ការជីកយករ៉ែធ្យូងថ្ម និងថាមពលកកើតឡើងវិញ។

យ៉ាងណាមិញ ចំពោះការកើនឡើងយ៉ាងខ្លាំងនៃទ្រព្យសម្បត្តិរបស់លោក Vuong ភាគច្រើនត្រូវបានសន្មតថា ដោយសារតែដំណើរការដ៏រឹងមាំនៃភាគហ៊ុនរបស់ក្រុមហ៊ុន Vingroup របស់លោក។ នៅក្នុងការជួញដូរចុងក្រោយ ភាគហ៊ុនរបស់ក្រុមហ៊ុន Vingroup បានឡើងដល់ជាង ១០ដុល្លារ ក្នុងមួយហ៊ុន ដែលខ្ពស់ជាង ៦,៨ ដង បើធៀបនឹងដើមឆ្នាំនេះ៕​