ភរិយាមហាសេដ្ឋី Jack Ma ចាយលុយជាង ៣០លានដុល្លារ ទិញផ្ទះអាជីវកម្ម ៣ ខ្នង នៅសិង្ហបុរី

អន្តរជាតិ

ភរិយារបស់មហាសេដ្ឋីចិន លោក Jack Ma គឺលោកស្រី Zhang Ying បានទិញផ្ទះអាជីវកម្មចំនួន ៣ ខ្នង នៅជិតតំបន់ Chinatown ក្នុងប្រទេសសិង្ហបុរី ជាមួយតម្លៃសរុបប្រមាណ ៣៧,១លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារពត៌មាន Business Times បានរាយការណ៍ទៀតថា អចលនទ្រព្យទាំងបីនោះ មានទីតាំងនៅតំបន់ដ៏ល្បីល្បាញ Duxton Road ដែលមានទំហំសរុប ៣០០ ម៉ែត្រការ៉េ ដែលនេះមានន័យថា ក្នុងមួយម៉ែត្រការ៉េ មានតម្លៃប្រមាណ ១២៣ ៣៣៣ដុល្លារ ។

ប្រភពដដែលនេះ បានបន្ថែមទៀតថា ផ្ទះអាជីវកម្មដែលមានកម្ពស់បីជាន់ ទាំងបីខ្នងនោះ កំពុងស្ថិតនៅក្នុងការជួសជុលនៅឡើយ ហើយនៅក្រោយពេលសាងសង់រួចរាល់ ជាន់ផ្ទាល់ដីនៃផ្ទះទាំងនោះ នឹងត្រូវប្រើប្រាស់ធ្វើជាភោជនីយដ្ឋាន ខណៈជាន់ខាងលើនឹងត្រូវប្រើជាការិយាល័យ។

គួរឲ្យដឹងផងដែរថា លោកស្រី Zhang បានដើរតួយ៉ាងសំខាន់ នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចិន Alibaba របស់ស្វាមីខ្លួន ដោយលោកស្រីបានខ្ចីលុយក្នុងចំនួន ១,៤លានដុល្លារ ដើម្បីចាប់ផ្តើមក្រុមហ៊ុនដំបូង។

ជម្រាបជូនផងដែរថា ក្រៅតែពីភរិយាមហាសេដ្ឋី Jack Ma នៅមានមហាសេដ្ឋីចិនផ្សេងទៀត ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញអចលនទ្រព្យនៅក្នុងប្រទេសសិង្ហបុរី ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះផងដែរ ដោយក្នុងនោះរាប់បញ្ចូលទាំង លោក Yonghong Shi ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុនខ្សែសង្វាក់ហាងស៊ុប Hotpot Haidilao ដែលបានចំណាយលុយរាប់លានដុល្លារ ដើម្បីទិញអចលនទ្រព្យនៅជិតតំបន់ Singapore Botanic Gardens កាលពីឆ្នាំមុន៕