លោក ត្រាំ គ្រោងយកពន្ធ ៥០% លើទង់ដែងដែលនាំចូលមកកាន់សហរដ្ឋអាមេរិក

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសថាសហរដ្ឋអាមេរិក នឹងដំឡើងពន្ធគយ ៥០% លើទង់ដែងដែលនាំចូល ពីគ្រប់បណ្តាប្រទេសទាំងអស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយនៅក្នុងកិច្ចប្រជុំគណ:រដ្ឋមន្ត្រី នៅឯសេតវិមាន កាលពីថ្ងៃទី៨ ខែកក្កដាថា៖” ថ្ងៃនេះ យើងកំពុងដាក់ពន្ធបន្ថែមលើការនាំចូលទង់ដែង”។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក ត្រាំ ហាក់មិនទាន់បង្ហាញច្បាស់ថាពន្ធគយថ្មីនេះ នឹងត្រូវចូលជាធរមាន នៅពេលណានៅឡើយនោះទេ។

នៅក្នុងបទសម្ភាសជាមួយស្ថានីយទូរទស្សន៍ CNBC នៅថ្ងៃដដែលនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​លោក Howard Lutinick បាននិយាយថា ពន្ធគយថ្មីលើការនាំចូលទង់ដែង អាចនឹងត្រូវអនុវត្ត នៅចុងខែកក្កដា ឬថ្ងៃទី១ ខែសីហាខាងមុខ។

ជុំវិញការសម្រេចចិត្តរបស់លោក ត្រាំំ ក្នុងការដាក់ពន្ធគយលើទង់ដែងនេះ បានធ្វើឲ្យទីផ្សារមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះគ្រប់គ្នាមិនរំពឹងទុកថា ផែនការនេះអាចមានភាពឆាប់រហ័ស និងអត្រាពន្ធខ្ពស់ជាងការរំពឹងទុករបស់ឧស្សាហកម្មបែបនេះ ឡើយ។

គួរឲ្យដឹងថា ទង់ដែងគឺជាលោហធាតុដែលប្រើប្រាស់ច្រើនជាងគេលំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពីដែក និងអាលុយមីញ៉ូម។ បច្ចុប្បន្ន​នេះ សហរដ្ឋអាមេរិក បាននាំចូលទង់ដែងជិតពាក់កណ្តាលនៃតម្រូវការប្រើប្រាស់សរុបរបស់ខ្លួន។ ហើយជុំវិញផែនការពន្ធគយថ្មីនេះ អាចនឹងជះផលប៉ះពាល់ខ្លាំងបំផុតពីប្រទេសនាំចេញទង់ដែងកំពូល ដូចជា ឈីលី កាណាដា និងម៉ិកស៊ិក ជាដើម។

ជម្រាបជូនផងដែរថា កាលពីចុងខែកុម្ភៈ លោក ត្រាំ បានបញ្ជាឲ្យមានការស៊ើបអង្កេតលើពន្ធថ្មីដែលអាចកើតមានលើការនាំចូលទង់ដែង ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ។

ជាមួយគ្នានេះ លោក Lutnick បាននិយាយថា គោលដៅធំបំផុត គឺដើម្បីនាំយកការផលិតទង់ដែងត្រឡប់មកសហរដ្ឋអាមេរិកវិញ ដោយសង្កត់ធ្ងន់ថា ផែនការថ្មីរបស់លោក ត្រាំ នឹងធ្វើឲ្យកម្រិតពន្ធទង់ដែងស្មើគ្នាជាមួយនឹងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដែលត្រូវបានដំឡើងដល់ ៥០% នៅដើមខែមិថុនា៕