ជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក បានឲ្យមានការសម្រុកលក់ចេញភាគហ៊ុន នៅក្នុងក្រុមហ៊ុនខ្នាតយក្សទាំងពីររបស់មហាសេដ្ឋី Elon Musk សម្រាប់វគ្គជួញដូរពីរលើកជាប់ៗគ្នា ដែលជាហេតុធ្វើឲ្យតម្លៃមូលធនទីផ្សារធ្លាក់ដាំក្បាលចុះយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

នៅពេលបិទការជួញដូរថ្ងៃទី៥ ខែវិច្ឆិកា តម្លៃភាគហ៊ុនរបស់ SpaceX និង Tesla បានធ្លាក់ចុះ ៩% និង ១១% រៀងៗខ្លួន។ នេះគឺជាថ្ងៃទីពីរជាប់គ្នាហើយដែលភាគហ៊ុនក្រុមហ៊ុនទាំងពីរបានធ្លាក់ចុះយ៉ាងគំហុក។ សរុបមក តម្លៃមូលធនទីផ្សាររបស់ SpaceX និង Tesla បានខាតបង់ទឹកប្រាក់សរុបចំនួន ៤៥៦ពាន់លានដុល្លារ បន្ទាប់ពីជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីពេលថ្មីៗនេះ។
មិនតែប៉ុណ្ណោះ ការធ្លាក់ចុះនេះ បានកើតឡើង នៅពេលដែលក្រុមវិនិយោគិនមានការព្រួយបារម្ភថា CEO ក្រុមហ៊ុនលោក Elon Musk ប្រឈមមុខនឹងការស៊ើបអង្កេតថ្មីៗពីសភា ហើយក្រុមហ៊ុនរបស់លោកក៏អាចនឹងស្ថិតក្រោមការត្រួតពិនិត្យកាន់តែខ្លាំងផងដែរ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យទទួលបានការគ្រប់គ្រងទាំងសភាជាន់ទាប និងសភាជាន់ខ្ពស់ ក្រោយការបោះឆ្នោតកណ្តាលអាណត្តិនៅថ្ងៃទី៣ ខែវិច្ឆិកា។
ជុំវិញបញ្ហានេះក៏បានធ្វើឱ្យទ្រព្យសម្បត្តិសរុបរបស់លោក Musk ថយចុះអស់ជាង ៧៩ពាន់លានដុល្លារ ផងដែរ ក្នុងវគ្គជួញដូរតែមួយថ្ងៃគត់គឺនៅថ្ងៃទី៥ ខែវិច្ឆិកា។ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ លោកបានខាតបង់ទឹកប្រាក់ ៩០ពាន់លានដុល្លារ រួចមកហើយ ដែលធ្វើឱ្យទ្រព្យសម្បត្តិសរុបរបស់លោក ធ្លាក់មកនៅ ៧៨៩ពាន់លានដុល្លារ។
ជម្រាបជូនថា លោក Musk គឺជាអ្នកបរិច្ចាគដ៏ធំបំផុតដល់បេក្ខជនគណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតនេះ ហើយបើតាមកាសែត Financial Times បានប៉ាន់ប្រមាណថា លោកបានចំណាយប្រាក់អស់ជាង ៤៧០លានដុល្លារ ប៉ុន្តែបេក្ខជនភាគច្រើនដែលលោកបានគាំទ្របានបរាជ័យយ៉ាងអាម៉ាស់បំផុត៕

