មហាសេដ្ឋីមានដាច់គេទី៣ នៅអាស៊ី ទិញយកក្រុមហ៊ុនខ្នាតយក្សអឺរ៉ុបមួយ ក្នុងតម្លៃជិត ៣ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុន Adani Ports & Special Economic Zone (APSEZ) គ្រប់គ្រងដោយលោក Gautam Adani ដែលជាមហាសេដ្ឋីមានបំផុតលំដាប់ទី៣ នៅអាស៊ី បានយល់ព្រមទិញយកក្រុមហ៊ុន Evos BV ដែលមានមូលដ្ឋាននៅទីក្រុង Amsterdam ប្រទេសហូឡង់ នៅក្នុងតម្លៃប្រមាណ ២,៦ពាន់លានអឺរ៉ូ (ឬស្មើនឹង ២,៩ពាន់លានដុល្លារអាមេរិក)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឯកសារមួយដែលបានដាក់ជូនទីផ្សារហ៊ុនទីក្រុង Mumbai បានបង្ហាញថា APSEZ នឹងទិញយកក្រុមហ៊ុន Evos ពីក្រុមហ៊ុនមេ Igneo Infrastructure Partners ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ការទិញយកនេះនឹងធ្វើឡើងដោយការទូទាត់ជាសាច់ប្រាក់សុទ្ធទាំងអស់ ដែលទទួលបានតាមរយៈការខ្ចីប្រាក់ ហើយវានឹងជួយឱ្យក្រុមហ៊ុននេះអាចពង្រីកវត្តមានយ៉ាងរឹងមាំនៅក្នុងទ្វីបអឺរ៉ុបផងដែរ។

លោក Karan Adani នាយកគ្រប់គ្រងនៃក្រុមហ៊ុន Adani Ports និងជាកូនប្រុសច្បងរបស់លោក Gautam Adani បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការទិញយកនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរឆ្ពោះទៅមុខរបស់ APSEZ ដើម្បីសម្រេចបាននូវសមត្ថភាពដឹកជញ្ជូនទំនិញចំនួន ១ ពាន់លានតោន និងកសាងវេទិកាដឹកជញ្ជូនសមាហរណកម្មលក្ខណៈសកលលោកយ៉ាងពិតប្រាកដ។

ជម្រាបជូនថា ក្រុមហ៊ុន Evos ដែលជាប្រតិបត្តិករផ្នែកស្តុកទុកវត្ថុរាវដ៏ធំបំផុតមួយនៅអឺរ៉ុប មានសមត្ថភាពស្តុកទុកវត្ថុធាតុរាវចំនួន ៦,៣ លានម៉ែត្រគូប នៅតាមស្ថានីយចំនួន ៨ កន្លែង ក្នុងប្រទេសហូឡង់ អាល្លឺម៉ង់ អេស្ប៉ាញ បែលហ្ស៊ិក និងម៉ាល់តា៕​