កម្ពុជា រំពឹងថា វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចឆ្នាំនេះ នឹងមកនូវកិច្ចសន្យាពាណិជ្ជកម្ម និងការវិនិយោគថ្មីៗ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញក្តីរំពឹងថា រយៈពេលពីរថ្ងៃនៃការវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «ពីកម្ពុជាទៅកាន់ពិភពលោក៖ ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប» នឹងនាំមកនូវកិច្ចសន្យាពាណិជ្ជកម្ម ការវិនិយោគថ្មីៗ និងភាពជាដៃគូយូរអង្វែង ដើម្បីនាំស្វាយចន្ទី និងម្រេចកម្ពុជាទៅកាន់ទីផ្សារសកល ជាពិសេសសហភាពអឺរ៉ុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងវេទិកា ដែលធ្វើឡើងនាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦  លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម វេទិកាដែលរៀបចំឡើងជាលើកទី២នេះ ជាឱកាសដ៏សំខាន់ក្នុងការប្រមូលផ្តុំអ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ និងវិនិយោគិន ដើម្បីចែករំលែកចំណេះដឹង ជំរុញការវិនិយោគលើការកែច្នៃបង្កើតតម្លៃបន្ថែម និងពង្រីកទីផ្សារសម្រាប់ស្វាយចន្ទី និងម្រេចកម្ពុជា ជាពិសេសទីផ្សារសហភាពអឺរ៉ុប។

ក្នុងន័យនេះ លោកស្រីថា ក្រសួងពាណិជ្ជកម្មបានបន្តជំរុញការធ្វើពិពិធកម្មទីផ្សារ ការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការកសាងម៉ាកសញ្ញា និងការដឹកនាំសហគ្រាសកម្ពុជាចូលរួមពិព័រណ៍អន្តរជាតិធំៗ ដូចជា SIAL Paris និង Anuga ព្រមទាំងការរៀបចំជំនួបពាណិជ្ជកម្ម ដើម្បីតភ្ជាប់ផលិតផលកម្ពុជាទៅកាន់អ្នកបញ្ជាទិញ និងបណ្តាញចែកចាយទាំងលក់រាយនិងបោះដុំ អន្តរជាតិ។

ជាមួយគ្នានេះ លោកស្រីថា ដើម្បីបន្តលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យស្វាយចន្ទី និងម្រេចកម្ពុជា លោកជំទាវរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗ រួមមាន៖ ការបង្កើនសមត្ថភាពកែច្នៃ និងវេចខ្ចប់ក្នុងស្រុក ការពង្រឹងគុណភាព និងការអនុវត្តតាមស្តង់ដា និងលក្ខខណ្ឌតម្រូវរបស់ទីផ្សារអន្តរជាតិ ការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ការពង្រីកប្រព័ន្ធតាមដានប្រភពដើមឌីជីថល ការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន និងទុនបង្វិល ការលើកកម្ពស់ម៉ាកសញ្ញា និងអត្តសញ្ញាណផលិតផលកម្ពុជា ព្រមទាំងការកសាងទំនាក់ទំនងពាណិជ្ជកម្មដោយផ្ទាល់ ដែលឈរលើទំនុកចិត្ត តម្លាភាព និងផលប្រយោជន៍ទៅវិញទៅមក។

ជាថ្មីម្តងទៀត លោកស្រីរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យអ្នកបញ្ជាទិញ និងវិនិយោគិនអន្តរជាតិ បង្កើនកិច្ចសហការជាមួយដៃគូកម្ពុជា និងបានបង្ហាញក្តីសង្ឃឹមថា វេទិការយៈពេលពីរថ្ងៃនេះ នឹងនាំមកនូវកិច្ចសន្យាពាណិជ្ជកម្ម ការវិនិយោគថ្មីៗ និងភាពជាដៃគូយូរអង្វែង ដើម្បីនាំស្វាយចន្ទី និងម្រេចកម្ពុជាទៅកាន់ទីផ្សារសកល ជាពិសេសសហភាពអឺរ៉ុប៕ អត្ថបទ៖ហ្សាលីន