លោក ត្រាំ​ ចេញមុខការពារមេធំក្រុមហ៊ុន Nvidia ក្រោយលួចក្បត់ប្រពន្ធមានស្រីកំណាន់

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខនិយាយការពារថា នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang មិនបានដឹងថាស្រ្តីដែលគាត់មានទំនាក់ទំនងស្នេហាជាមួយនោះ ត្រូវបានគេសង្ស័យថាជាចារកម្មរបស់ចិននោះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានថ្លែងកាលពីថ្ងៃទី៩ ខែវិច្ឆិកាថា៖”ខ្ញុំបានសួរគាត់ថា តើអ្នកដឹងទេថាស្រីម្នាក់នោះជាចារកម្ម? គាត់ឆ្លើយតកវិញថា ខ្ញុំពិតជាមិនបានដឹងសោះថាស្ត្រីរូបនោះជាចារកម្ម។ ពិតណាស់ ខ្ញុំជឿជាក់លើគាត់”។

យ៉ាងណាក៏ដោយ មេដឹកនាំសេតវិមានរូបនេះ បានបន្ថែមទៀតថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក (FBI) កំពុងស៊ើបអង្កេតលើករណីនេះហើយ។

គួរឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Nvidia រូបនេះ បានទទួលស្គាល់កាលពីថ្ងៃទី៨ ខែវិច្ឆិកាថា ខ្លួនពិតជាមានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់នោះពិតមែន។ មន្ត្រីអាមេរិកបានកំណត់អត្តសញ្ញាណស្ត្រីរូបនោះ មានឈ្មោះថា Alice Huang ដែលជាអតីតនាយកប្រតិបត្តិនៅក្រុមហ៊ុន Megaspeed ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ពួកគេសង្ស័យថា Alice Huang បានធ្វើចារកម្មឱ្យប្រទេសចិន។

យ៉ាងណាមិញ លោក Jensen Huang ត្រូវបានចាត់ទុកថាជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់លោក ត្រាំ ពាក់ព័ន្ធទៅនឹងគម្រោងវិនិយោគបច្ចេកវិទ្យាធំៗ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ លោក Huang បានបង្ហាញការគាំទ្រជាញឹកញាប់ចំពោះគោលនយោបាយរបស់រដ្ឋបាលលោក ត្រាំ ហើយបានក្លាយជាបុគ្គលដែលគេស្គាល់យ៉ាងច្បាស់នៅទីក្រុងវ៉ាស៊ីនតោន។ លោក ត្រាំ ចង់ជំរុញការប្រកួតប្រជែងផ្នែកបញ្ញាសិប្បនិម្មិត (AI) របស់អាមេរិក ខណៈពេលដែលលោក Huang ព្យាយាមបញ្ចុះបញ្ចូលសេតវិមាន ដើម្បីអនុញ្ញាតឲ្យមានការលក់បន្ទះឈីបកម្រិតខ្ពស់របស់ខ្លួន ទៅកាន់ទីផ្សារប្រទេសចិន៕​