ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារក្មួយៗសិស្សានុសិស្ស ដែលបានបាត់បង់ជីវិតក្នុងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នៅលើបណ្តាញសង្គមហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហោះសារបែបនេះថា៖ “ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមចូលរួមសម្តែងនូវការសោកស្តាយជាពន់ពេក និងក្តុកក្តួលរំជួលចិត្តជាទីបំផុត ចំពោះការបាត់បង់ជីវិតរបស់ក្មួយៗសិស្សសាលា ក្នុងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដ៏សោកសង្រេងនៅលើកំណាត់ផ្លូវជាតិលេខ៨ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ”។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានបណ្តាលឱ្យបាត់បង់ជីវិតក្មួយៗសិស្សសាលា ចំនួន ៥នាក់ រស់នៅស្រុកពារាំង ខេត្តព្រៃវែងនេះ គឺជាសោកនាដកម្មដ៏សែនខ្លោចផ្សាមួយ និងជាការបាត់បង់នូវយុវជនបន្តវេន ដែលជាធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសជាតិ នាពេលអនាគត។
ជាមួយនឹងហេតុការណ៍នេះ វាពិតជាបាននិងកំពុងធ្វើឱ្យលោកយាយលោកតា ពុកម៉ែ បងប្អូន ដែលត្រូវជាលោកតា លោកយាយ ឪពុកម្តាយ អាណាព្យាបាល អ៊ំ ពូមី បងប្អូននៃសពទាំងអស់ ឈឺចាប់ ក្តុកក្តួល ខ្លោចផ្សាចិត្ត រកអ្វីប្រៀបផ្ទឹមពុំបាន នៅពេលដែលទទួលបានដំណឹងដ៏សោកសង្រេងនេះ ពិសេសនៅពេលឃើញសាកសពកូន ចៅ ក្មួយ បង ប្អូនជាទីស្រឡាញ់របស់ខ្លួន ពិតជាមិនអាចទទួលយកបាន ប៉ុន្តែវាបានកើតឡើងរួចទៅហើយ។
ក្នុងវេលាដ៏មហាក្រៀមក្រំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសពក្មួយៗទាំងអស់ ដោយក្តីអាឡោះអាឡ័យជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោសព្រំ និងដឹកនាំដួងវិញ្ញាណក្ខន្ធរបស់ក្មួយៗទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕


