នាវាទេសចរណ៍យក្ស VIKING ORION នាំភ្ញៀវអន្តរជាតិជិត ៩០០នាក់ មកកម្សាន្តនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុបានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលចតរបស់នាវាទេសចរណ៍លំដាប់អន្តរជាតិមួយគ្រឿង ឈ្មោះ VIKING ORION សញ្ជាតិណ័រវែស (NORWAY)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការមកដល់នៃនាវាទេសចរណ៍ដ៏ប្រណីតនេះ បាននាំមកនូវភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកសរុបជាង ១,៣០០នាក់ មកជាន់ទឹកដីតំបន់ឆ្នេររបស់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៨៨៨នាក់ ស្រី ៤៧០នាក់ មាន ១៤សញ្ជាតិផ្សេងគ្នា និងមាននាវិកបម្រើការលើនាវាសរុបចំនួន ៤៦៥នាក់ ស្រី ១១១នាក់ មាន ៣៤សញ្ជាតិផ្សេងគ្នា។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ភ្ញៀវទេសចរបរទេសទាំងអស់នឹងមានឱកាសដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋានសំខាន់ៗ ទីប្រជុំជន និងស្វែងយល់ពីវប្បធម៌ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ដែលនេះជាឱកាសដ៏វិសេសវិសាលក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ខ្មែរទៅកាន់ពិភពលោក៕