លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីស្ត្រីជាអ្នកដឹកនាំ ក្រោមប្រធានបទ «រៀនថ្ងៃនេះ ដឹកនាំថ្ងៃស្អែក» នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្នាក់ការសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ដើម្បីគាំទ្រដល់ការកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំដល់ស្ត្រីបន្តវេន។

កម្មវិធីរយៈពេល ២ថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពសមាជិក CWEA លើជំនាញធ្វើសេចក្តីសម្រេចចិត្ត ការដឹកនាំ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព សំដៅតម្រង់ទិសអ្នកដឹកនាំជំនាន់ក្រោយសម្រាប់អាណត្តិទី៦ (២០២៧-២០៣០)។ ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានកោតសរសើរចំពោះសមិទ្ធផលលេចធ្លោរយៈពេល ១៥ឆ្នាំកន្លងមករបស់សមាគម ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសហគ្រិនភាពស្ត្រី និងជះឥទ្ធិពលវិជ្ជមានដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
ទន្ទឹមនឹងនេះ លោកស្រីបានផ្តល់អនុសាសន៍ឱ្យសហគ្រិនស្ត្រី បន្តបង្កើនសមត្ថភាពឱ្យឆ្លើយតបនឹងការវិវត្តនៃបច្ចេកវិទ្យា តាមរយៈការចាប់យកជំនាញឌីជីថល នវានុវត្តន៍ ចំណេះដឹងហិរញ្ញវត្ថុ ការពង្រីកទីផ្សារ និងការចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយ ព្រមទាំងបានសង្កត់ធ្ងន់លើការពង្រីកឱកាសដល់ស្ត្រីនៅតាមមូលដ្ឋាន។ លោកស្រីក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យបន្តគាំទ្រ និងលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី ដើម្បីរួមគ្នាជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាព៕




