លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញលិខិតស្នើសុំ និងអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅកម្ពុជា ឱ្យចូលរួមផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពី «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» និងព្រឹត្តិការណ៍អមនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។

យោងតាមលិខិតរបស់ក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ កម្ពុជានឹងមានកម្មវិធី និងវេទិកាសំខាន់ៗចំនួន ៤ រួមមាន៖ ១. ការបើកសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» នឹងចាប់ផ្ដើមពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ២. ព្រឹត្តិការណ៍ «ហ្វ្រង់កូតិក» នឹងចាប់ផ្ដើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ៣. «សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ៤. «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» នឹងប្រព្រឹត្តទៅជាផ្លូវការចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ទន្ទឹមនឹងការផ្សព្វផ្សាយព្រឹត្តិការណ៍ខាងលើ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានស្នើដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមជ្រោមជ្រែងចាក់ផ្សាយនូវវីដេអូឯកសារចំនួន ៤ រួមទាំងស្ប៉តផ្សព្វផ្សាយសំខាន់ៗ ដែលផ្តោតលើកេរដំណែលវប្បធម៌កម្ពុជា, ស្ថាបត្យកម្មសម័យអាណានិគមបារាំង, ការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា ព្រមទាំងស្ប៉តផ្សព្វផ្សាយស្តីពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ផងដែរ។
លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ និងស្នើឱ្យម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ រួមមានសមាគមវិទ្យុ សមាគមទូរទស្សន៍កម្ពុជា និងសមាគមសារព័ត៌មាន សហការចាត់ចែងអនុវត្តការងារផ្សព្វផ្សាយនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកបង្ហាញពីសក្តានុពល អត្តសញ្ញាណជាតិ វប្បធម៌ និងលើកកម្ពស់កិត្តិយស មុខមាត់កម្ពុជាឱ្យកាន់តែលេចធ្លោនៅលើឆាកអន្តរជាតិ៕



