កម្ពុជា គួរតែផ្សព្វផ្សាយពីព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ឱ្យបានខ្លាំងក្លា ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើន

សង្គម​និង​សេដ្ឋកិច្ច

អាជ្ញាធរជាតិអប្សារា បានអះអាងថា ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្តនឹងកើតឡើងនៅថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៣ ខាងមុខនេះ ខណៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មួយឆ្នាំកើតឡើង២ដង នៅខែមីនា និងខែកញ្ញា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្អែកទៅលើព្រឹត្តិការណ៍ដែលបណ្តាប្រទេសនៅលើពិភពលោកកម្របានជួបប្រទះ ខុសប្លែកពីកម្ពុជានេះ ត្រូវបានអ្នកជំនាញនៅក្នុងវិស័យទេសចរណ៍មើលឃើញថា  កម្ពុជាគួរតែធ្វើការជំរុញផ្សព្វផ្សាយពីព្រឹត្តិការណ៍សំខាន់មួយនេះ ឱ្យខ្លាំងក្លានៅលើឆាកអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជាឱ្យបានច្រើននៅឆ្នាំបន្ទាប់។

លោក ធឿន វុឌ្ឍី មគ្គុទេសក៍ទេសចរណ៍ប្រចំានៅខេត្តសៀមរាប បានឱ្យដឹងថា សំណង់នៅលើពិភពលោកកម្រមានសំណង់ណាមានលក្ខណៈវិទ្យាសាស្ត្រដូចនិងសំណង់ប្រាសាទអង្គរវត្តយើងណាស់ បើសិនជាយើងធ្វើការផ្សព្វផ្សាយឱ្យបានខ្លាំងក្លានៅលើឆាកអន្តរជាតិ សន្ទុះភ្ញៀវបរទេសចូលមកទស្សនាព្រឹត្តិការណ៍ព្រះអាទិ្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្តនៅខែមីនា ឬខែកញ្ញាឆ្នាំ២០២៣នេះនឹងមានចំនួនច្រើន។

លោកធឿន វុឌ្ឍី បញ្ជាក់ថា «ចូលមកដល់ខែ៩ឆ្នាំនេះ សម្រាប់វិស័យទេសចរណ៍គេចាត់ទុកជារដូវកាលដែលភ្ញៀវទេសចរមានការធ្លាក់ចុះ។ប៉ុន្តែបើសិនយើងមានការផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាឱ្យបានខ្លំាង អាចធ្វើឱ្យរដូវកាលដែលមានធ្លាក់ចុះចំនួនភ្ញៀវទេសចរនេះ ប្រហែលអាចនឹងទទួលបានភ្ញៀវច្រើន»។

បើតាមមគ្គុទេសក៍ទេសចរណ៍ ខាងលើ គឺលោកនៅតែរំពឹងហើយគិតថា ព្រឹត្តិការណ៍នេះគឺជាថ្ងៃដ៏សំខាន់ ហើយជាថ្ងៃដែលមានភ្ញៀវ។តែផ្ទុយទៅវិញ មគ្គទេសក៍ទេសចរណ៍ភាគច្រើននៅមិនទាន់ទទួលបានភ្ញៀវធ្វើការទំនាក់ទំនងមកកាន់ក្រុមរបស់ខ្លួនឱ្យបានច្រើននៅឡើយនោះទេ បើទោះជាភ្ញៀវបរទេសបានស្នាក់នៅកម្ពុជាចាត់ទុកជាព្រឹត្តិការណ៍ដ៏ស្ចារ្យសម្រាប់ពួកគេក៏ដោយ។

 អ្នកស្រី ខៃ ចិន្តា ទីប្រឹក្សាសមាគមសណ្ឋាគារកម្ពុជា មានប្រសាសន៍ថា «ខ្ញុំយល់ឃើញថាព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្តនេះ អាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិបានច្រើនខ្លាំងនៅពេលខាងមុខ ហើយចំពោះព្រឹត្តិការណ៍នេះ កម្ពុជាគួរតែជំរុញការផ្សព្វផ្សាយឱ្យបានខ្លាំងក្លានៅលើឆាកអន្តរជាតិ ព្រោះថាព្រឹត្តិការណ៍នេះកើតមានតែនៅកម្ពុជា។ដូចនេះ កម្ពុជាគួរតែផ្សព្វផ្សាយជូនទៅពិភពលោកឱ្យបានដឹងពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មុនយ៉ាងតិច៦ខែ ទៅ ១ឆ្នាំ»។

អ្នកស្រី ខៃ ចិន្តា សង្កត់ធ្ងន់ថា ដើម្បីចាប់ភ្ញៀវទេសចរអន្តរជាតិឱ្យបានច្រើនខ្លាំងគឺត្រូវដាក់ព្រឹត្តិការណ៍ល្អឯកដ៏អស្ចារ្យនេះនៅក្នុង គេហទំព័រស្ថាប័នពាក់ព័ន្ធ មានដូចជា ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសនានាលើពិភពលោក ក្រសួងទេសចរណ៍ ក្រសួងពត៌មានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងការបរទេស, ក្រសួងបរិស្ថាន … ប្រតិទិនព្រឹត្តិការណ៏ធំៗថ្នាក់ជាតិ ដើម្បីផ្សព្វផ្សាយឱ្យមានលក្ខណៈទូលំទូលាយដល់បរទេស។

ស្រដៀងគ្នានេះដែរ លោក ធឿន វុឌ្ឍី មើលឃើញថា បើសិនកម្ពុជា មានការជំរុញការផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះឱ្យបានខ្លំាង អាចនឹងធ្វើឱ្យចំនួននៃភ្ញៀវចូលមកទស្សនាកម្ពុជាមានចំនួនច្រើនជាងដូចសព្វថ្ងៃនេះ។ឧទាហរណ៍ ភ្ញៀវទេសចរបរទេសមួយចំនួនមានគម្រោងមកទស្សនាកម្ពុជានៅរដូវប្រំាងឬខែដែលទំនេរ ប៉ុន្តែបើយើងផ្សព្វផ្សាយពីភាពអស្ចារ្យថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្តនៅក្នុងខែ៩នេះ ឱ្យគាត់មានការចាប់អារម្មណ៍ និងទាក់ទាញ ប្រហែលពួកគាត់អាចផ្លាស់ប្តូរកាលវិភាគនៃការដើរកម្សាន្តរបស់ពួកគាត់ អាចមកកាន់កម្ពុជា នៅក្នុងខែ៩នេះ។

យោងតាម អាជ្ញាធរជាតិអប្សារា ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តនឹងកើតឡើងនៅខែកញ្ញានេះ។ ព្រឹត្តិការណ៍នេះ នៅរដូវវស្សា នឹងកើតទ្បើងចំថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ចាប់ពីម៉ោង៦ព្រឹកតទៅ។គឺជាសមរាត្រីរដូវវស្សា ដែលវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា។ព្រឹត្តិការណ៍កើតឡើង២ដង តែប៉ុណ្ណោះក្នុងមួយឆ្នាំ នៅក្នុងខែកញ្ញា និងខែមីនា៕

អត្ថបទ៖សារេត