ឆ្នាំ២០២៣៖ ទោចក្រយានយន្តនៅកម្ពុជាកើនដល់៦លានគ្រឿង និងមានរថយន្ត ១លានគ្រឿងបានចុះបញ្ជីរួចរាល់

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា គិតត្រឹម២០២៣ កម្ពុជាកើនឡើងទោចក្រយានយន្តរហូតដល់ចំនួនប្រមាណ ៦លានគ្រឿង និងរថយន្តចំនួនប្រមាណ ១លានគ្រឿងដែលបានចុះក្នុងបញ្ជីរួចរាល់។ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងសកម្មភាពផ្សព្វផ្សាយ និងការផ្ដល់ជូននូវមួកសុវត្ថិភាពមកកម្ពុជា ពីសំណាក់ប្រទេសជប៉ុន កាលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក បានលើកឡើងថា ការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ដែលអាចផ្ដល់ឱកាសដល់ប្រជាពលរដ្ឋមានលទ្ធភាពទិញយានយន្តយកមកប្រើប្រាស់។ ជាក់ស្តែង លោកថា បើគិតក្នុងឆ្នាំ១៩៩៨ កម្ពុជាមានទោចក្រយានយន្តចំនួនប្រមាណ ២០ម៉ឺនគ្រឿង និងរថយន្តប្រមាណ ៦ម៉ឺនគ្រឿង ប៉ុន្តែបច្ចុប្បន្ន គិតត្រឹម២០២៣ កម្ពុជាកើនឡើងទោចក្រយានយន្តរហូតដល់ចំនួនប្រមាណ ៦លានគ្រឿង និងរថយន្តចំនួនប្រមាណ ១លានគ្រឿងដែលបានចុះក្នុងបញ្ជីរួចរាល់។

បន្ថែមលើចំនួនយានយន្តចរាចរណ៍នេះដែរ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដែលកើតមាននៅកម្ពុជាថា ដោយជាមធ្យមមានអ្នកស្លាប់ប្រមាណ ៥នាក់ និងរបួសប្រមាណ ១០នាក់ ក្នុងមួយថ្ងៃ ក្នុងនោះ ចំណោមអ្នកស្លាប់សរុបដោយសារគ្រោះថ្នាក់ចរាចរណ៍ មានប្រមាណ ៧៥% ជាអ្នកប្រើប្រាស់ម៉ូតូ ដែលបង្កមកពីមូលហេតុជាច្រើនរួមមានកត្តាយានយន្ត និងកត្តាមនុស្ស ពិសេសគឺការមិនពាក់មួកសុវត្ថិភាព និងការពាក់មួកសុវត្ថិភាពមិនបានត្រឹមត្រូវ។

យ៉ាងណាមិញ លោកទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសារធារណការរូបនេះ ក៏បានអះអាងទៀតថា ស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ត្រឹមឆ្នាំ២០៣០ កម្ពុជានឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានចំនួន ៥០% អាស្រ័យហេតុនេះ ការបន្តយុទ្ធនាការផ្សព្វផ្សាយ និងចែកជូនប្រជាពលរដ្ឋនូវមួកសុវត្ថិភាពបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជ្រាប និងលើកកម្ពស់ចំណេះដឹងរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែទូលំទូលាយ៕

អត្ថបទ៖​ពិសី