រយៈពេល២ខែ ទំហំនៃការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់ជាង ៦ពាន់លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃសុក្រ ទី១០ ខែមីនានេះ បានបង្ហាញរបាយការណ៍នៃការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់ខ្លួន ក្នុងនៅរយៈពេល ២ខែដើមឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា​​ មានទំហំទឹកប្រាក់សរុបប្រមាណជាង ៦ ៨០០លានដុល្លារអាមេរិក ចំនួននេះមានការ​ថយចុះប្រមាណជាង ២១% ​បើធៀបទៅរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមរបាយការណ៍ដដែល កម្ពុជាបាននាំចេញទំនិញមានទំហំទឹកប្រាក់ប្រមាណជាង ៣ ២៨៥លាន​ដុល្លារអាមេរិក ថយចុះ៨% ខណៈការនាំចូលមានទឹកប្រាក់ជាង ៣ ៥៦២ លានដុល្លារអាមេរិក បានថមថយ ៣១% បើធៀបទៅនិងរយៈពេលដូចគ្នា ឆ្នាំ២០២២។

ដោយឡែក ការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗរបស់កម្ពុជានៅក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៣នេះ​កម្ពុជា​បាន​នាំចេញទៅកាន់ប្រទេសគោលដៅសំខាន់ៗ ក្នុងនោះសម្រាប់ការនាំចេញទៅ​សហរដ្ឋ​អាមេរិក មានទំហំទឹកប្រាក់ប្រមាណជាង ១ ១២៩ លានដុល្លារ ​ថយចុះ ២០%, វៀតណាម ជាង ៤៩១ លានដុល្លារ កើនឡើងជាង ៣៦%, ចិន ១៩៨ ​លានដុល្លារ ​ថយចុះជាង ៥%, ជប៉ុន ជាង ២០៥ លានដុល្លារ ​កើនជិត ២%, ថៃ ជាង ២០៤​ លានដុល្លារ កើន ១៣%ផងដែរ៕