កាលពីថ្ងៃទី២៨ ខែសីហា ក្រុមហ៊ុនខ្នាតយក្សវៀតណាម VinFast បានប្រកាសដាក់ចេញជាផ្លូវការនូវរថយន្តពិសេសម៉ូដែល Lac Hong 900 LX ដែលផលិតឡើងក្នុងចំនួនមានកំណត់ សម្រាប់ប្រើប្រាស់ក្នុងក្រសួងការបរទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

Lac Hong 900 LX នេះ ត្រូវបានរចនាឡើងជាពិសេស ដែលបង្កប់ទៅដោយអត្តសញ្ញាណជាតិរបស់វៀតណាម។ សម្រាប់កាប៊ីនរបស់រថយន្តប្រណីតនេះ ត្រូវបានផ្គុំឡើងពីសម្ភារៈលំដាប់ខ្ពស់ជាច្រើនដូចជា មាសពិត ឈើមានតម្លៃ Golden Nanmu និងស្បែក Nappa ខណៈនៅលើដៃចង្កូត និងរន្ធម៉ាស៊ីនត្រជាក់ ត្រូវបានស្រោបដោយមាសសុទ្ធ។
គួរកត់សម្គាល់ថា Lac Hong 900 LX ក៏មានភ្ជាប់មកជាមួយសមត្ថភាពការពារគ្រាប់កាំភ្លើងដែលបំពេញតាមស្តង់ដារ VPAM VR7 ដែលជាកម្រិតខ្ពស់បំផុតសម្រាប់រថយន្តប្រើប្រាស់ដោយរដ្ឋាភិបាល។ តួខ្លួនរថយន្តទាំងមូលត្រូវបានពាសដោយដែក ខណៈកញ្ចក់ និងផ្នែកខាងក្រោយ ក៏អាចការពារគ្រាប់កាំភ្លើងបានផងដែរ ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន INKAS Armored Vehicle Manufacturing របស់ប្រទេសកាណាដា។
ដោយសារតួខ្លួនដ៏រំងមាំនេះ វាអាចទប់ទល់នឹងគ្រាប់កាំភ្លើង NATO Ball M80 គ្រាប់បែកដៃ DM51 ហើយនៅតែអាចធ្វើដំណើរបានចម្ងាយចន្លោះ ៨០ – ១០០km បើទោះបីជាមានសំបកកង់ធ្លាយសំប៉ែតក៏ដោយ។
ជម្រាបជូនថា ដោយបន្ថែមពីលើសមត្ថភាពការពារគ្រាប់កាំភ្លើង រថយន្តនេះ ក៏ត្រូវបានបំពាក់ដោយឧបករណ៍ឯកទេសជាច្រើនផ្សេងទៀត ដូចជា ប្រព័ន្ធផ្គត់ផ្គង់អុកស៊ីហ្សែន ប្រព័ន្ធការពារភ្លើងឆេះ ទូរស័ព្ទផ្កាយរណប ភ្លើងសញ្ញាព្រមាន និងស៊ីរ៉ែន អាស្រ័យលើតម្រូវការប្រើប្រាស់ជាក់ស្តែង៕

