លោក Zelensky បង្ហើបប្រាប់ពីអ្វីដែលបាននិយាយអំឡុងជំនួបលោក ត្រាំ​ នៅបុរីវ៉ាទីកង់

អន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីពេលថ្មីៗនេះ បានបង្ហើបឲ្យដឹងថា លោកបានពិភាក្សាអំពីអ្វីៗជាច្រើន ដូចជាការផ្ទេរប្រព័ន្ធការពារដែនអាកាស និងគំនិតនៃបទឈប់បាញ់រយ:ពេល ៣០ថ្ងៃ អំឡុងពេលនិយាយជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯបុរីវ៉ាទីកង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី៣ ខែឧសភា លោក Zelensky បាននិយាយថា៖” ខ្ញុំជឿថាការសន្ទនាជាមួយប្រធានាធិបតីលោក ត្រាំ គឺធ្វើទៅបានល្អបំផុតដែលមិនធ្លាប់មាន។ វាអាចជាកិច្ចប្រជុំដ៏ខ្លីបំផុត ប៉ុន្តែវាមានភាពស៊ីជម្រៅបំផុត។ ខ្ញុំគិតថាទម្រង់នៃជំនួបមួយទល់នឹងមួយ នៅតែមានប្រសិទ្ធភាពបំផុត”។

ជុំវិញការលើកឡើងរបស់លោក Zelensky បែបនេះ គឺចង់សំដៅទៅលើជំនួបរបស់លោក ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅឯបុរីវ៉ាទីកង់ កាលពីថ្ងៃទី២៦ ខែមេសា ខណ:ពេលដែលមេដឹកនាំទាំងពីរបានចូលរួមពិធីបុណ្យសពរបស់សម្តេច Pope Francis ។ ប្រធានាធិបតីទាំងពីរបានអង្គុយទល់មុខគ្នានៅក្នុងវិហារ St. Peter’s មុនពេលពិធីបុណ្យសពចាប់ផ្តើម ហើយបាននិយាយគ្នាប្រហែល ១៥នាទី។

គួរឲ្យដឹងថា នេះជាជំនួបលើកដំបូងរវាងលោក Zelensky និងលោក ត្រាំ ចាប់តាំងពីការឈ្លោះប្រកែកគ្នានៅសេតវិមាន កាលពីចុងខែកុម្ភៈមក។ ការផ្ទុះឡើងនៃសង្គ្រាមពាក្យសម្តីក្នុងអំឡុងពេលនោះ បានធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនកាន់តែមានភាពយ៉ាប់យ៉ឺន ដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានផ្អាកជាបណ្តោះអាសន្ននូវជំនួយផ្នែកយោធា និងការចែករំលែកព័ត៌មានសម្ងាត់ជាមួយទីក្រុងគៀវ មុនពេលមានការចាប់ផ្តើមឡើងវិញ។

យ៉ាងណាមិញ មេដឹកនាំអ៊ុយក្រែនបានលាតត្រដាងថា លោកបានពិភាក្សាជាមួយភាគីអាមេរិក អំពីបញ្ហាផ្ទេរប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតទៅកាន់ទីក្រុងគៀវ។ លោកប្រធានាធិបតី Zelensky បាននិយាយថា៖ “ខ្ញុំបានប្រាប់គាត់អំពីចំនួនស្មុគស្មាញដែលអ៊ុយក្រែនត្រូវការ។ ហើយគាត់ឆ្លើយតបថាអាមេរិកនឹងសិក្សារឿងនេះ” ។

មិនតែប៉ុណ្ណោះ មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាផងដែរថា ក្នុងការឈានដល់បទឈប់បាញ់រយៈពេល ៣០ថ្ងៃក្នុងប្រទេសអ៊ុយក្រែន ដែលត្រូវបានចាត់ទុកថាជាជំហានដំបូងដ៏ត្រឹមត្រូវឆ្ពោះទៅរកការបញ្ចប់ជម្លោះ នៅក្នុងប្រទេស។ នេះបើយោងតាមការបញ្ជាក់បន្ថែមរបស់លោក Zelensky៕