មហាសេដ្ឋីបច្ចេកវិទ្យាកំពូលៗលើលោក ៥រូប ជាប់ពាក់ព័ន្ធរឿងអាស្រូវមានស្នេហាលួចលាក់

អន្តរជាតិ

បន្ទាប់ពីមានការសារភាពកាលពីពេលថ្មីៗនេះរបស់លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុនបន្ទះឈីប Nvidia អំពីទំនាក់ទំនងស្នេហាលួចលាក់មក បានធ្វើឲ្យមានការចាប់អារម្មណ៍ឡើងវិញទៅលើរឿងអាស្រូវស្រដៀងគ្នានេះ ដែលពាក់ព័ន្ធទៅនឹងមហាសេដ្ឋីបច្ចេកវិទ្យាកំពូលៗលើលោកមួយចំនួនរួមមានលោក Elon Musk, លោក Bill Gates និងលោក Jeff Bezos ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី៨ ខែវិច្ឆិកាកន្លងទៅ លោក Huang បានទទួលស្គាល់ថាខ្លួនពិតជាមានទំនាក់ទំនងស្នេហានៅក្រៅចំណងអាពាហ៍ពិពាហ៍ តាមរយៈសារមួយដែលផ្ញើទៅកាន់បុគ្គលិកក្រុមហ៊ុន Nvidia ដោយបានថ្លែងសារសុំទោសភរិយារបស់លោក គឺអ្នកស្រី Lori Huang កូនៗទាំងពីរនាក់ និងមិត្តរួមការងាររបស់លោកផងដែរ។

ជុំវិញការទទួលស្គាល់នេះបានកើតឡើងបន្ទាប់ពីមានការស៊ើបអង្កេតមួយដោយកាសែត The New York Times ពាក់ព័ន្ធនឹងទំនាក់ទំនងដែលគេសង្ស័យថា លោក Huang មានជាមួយអ្នកស្រី Alice Huang ដែលជាអតីតថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្រុមហ៊ុនបច្ចេកវិទ្យា Megaspeed ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងត្រូវបានគេសង្ស័យថាជាចារកម្មរបស់ចិនផងដែរ។

ទន្ទឹមនឹងនេះគ្នានេះ លោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និងជាមហាសេដ្ឋីកំពូលលើលោក ដែលបានរៀបការជាច្រើនដងរួចមកហើយនោះ ក៏ធ្លាប់សារភាពថាមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយបុគ្គលល្បីៗជាច្រើនរូបផងដែរ រួមទាំងតារាសម្តែង Amber Heard និងតារាចម្រៀង Grimes ថែមទៀតផង។

ដោយឡែក សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ក៏ធ្លាប់រងការស៊ើបអង្កេតផងដែរ នៅខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីសេចក្តីរាយការណ៍ថាលោកធ្លាប់មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយបុគ្គលិកស្ត្រីម្នាក់របស់ក្រុមហ៊ុន Microsoft កាលពីប្រហែល ២ទសវត្សមុន។

ក្រៅពីនោះ ទំនាក់ទំនងរវាងលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon និងអ្នកស្រី Lauren Sanchez ដែលជាបុគ្គលល្បីល្បាញក្នុងវិស័យទូរទស្សន៍ ក៏ត្រូវបានគេលាតត្រដាងជាសាធារណៈនៅខែមករា ឆ្នាំ២០១៩ ផងដែរ ពោលគឺនៅត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីរូបលោក និងអតីតភរិយា គឺលោកស្រី MacKenzie Scott បានប្រកាសលែងលះគ្នា។

ជម្រាបជូនថា នៅឆ្នាំ២០១៣ ក៏មានសេចក្តីរាយការណ៍មួយបានលេចចេញឡើងអំពីទំនាក់ទំនងរវាងលោក Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google និងអ្នកនាង Amanda Rosenberg ដែលជាអ្នកគ្រប់គ្រងផ្នែកទីផ្សារមួយរូប ធ្វើការលើគម្រោងវ៉ែនតាឆ្លាតវៃ Google Glass របស់ក្រុមហ៊ុននេះ។ នៅពេលនោះ លោក Brin បានរៀបការរួចហើយជាមួយអ្នកនាង Anne Wojcicki ដែលជាសហស្ថាបនិកក្រុមហ៊ុនធ្វើតេស្តហ្សែនឈ្មោះ 23andMe។ ពួកគេបានរៀបការជាមួយគ្នានៅឆ្នាំ២០០៧ និងមានកូនពីរនាក់ ផងដែរ៕​