រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញឱ្យក្រុមហ៊ុនចិន ស្វែងរកឱកាសវិនិយោគថ្មីៗក្នុងខ្សែច្រវាក់ផលិតកម្មកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តក្រុមហ៊ុន Yunnan Investment Group ឱ្យស្វែងរកឱកាសវិនិយោគក្នុងខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា ដើម្បីជំរុញសេដ្ឋកិច្ចប្រទេសទាំងពីរបន្ថែមទៀត។ការស្នើនេះ បានធ្វើឡើងកាល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦  ខណៈលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជួបពិភាក្សាជាមួយជាមួយលោក LU Wei តំណាងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd.។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ហែម វណ្ណឌី បានលើកទឹកចិត្តក្រុមហ៊ុន Yunnan Investment Group របស់ចិន ឱ្យស្វែងរកឱកាសវិនិយោគថ្មីៗក្នុងខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩។

ជាមួយគ្នានេះ លោក LU Wei តំណាងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. បានឱ្យដឹងថា ហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. គឺជាក្រុមហ៊ុនដែលគ្រប់គ្រងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yunnan Investment Group។

សូមជម្រាបដែរថា នៅក្នុងជំនួបពិភាក្សារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូចិន កាលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក៏បានបញ្ជាក់ថា បច្ចុប្បន្នប្រទេសចិនគឺជាប្រភពទុនវិនិយោគបរទេសដ៏សំខាន់ និងជាដៃគូវិនិយោគដ៏ធំរបស់កម្ពុជា។ ជាក់ស្តែង វិនិយោគិនចិនបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម ដូចជា ការផលិតសំបកកង់រថយន្ត ការផលិតគ្រឿងបង្គុំអេឡិចត្រូនិកនិងអគ្គិសនី គ្រឿងសង្ហារិម និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសជាដើម។ទន្ទឹមគ្នានេះ ប្រតិភូចិន បានប្តេជ្ញាបន្តពង្រឹកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការជំរុញវិនិយោគរវាងចិន និងកម្ពុជាបន្ថែមទៀតផងដែរ៕ អត្ថបទ៖ហ្សាលីន