រដ្ឋសភា ស្នើឱ្យជប៉ុនបណ្តាក់ទុនបន្ថែមលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងការកែច្នៃនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ស្នើឯកអគ្គរាជទូតថ្មីប្រទេសជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ និងជំរុញអ្នកវិនិយោគ អ្នកទេសចរមកកម្ពុជា ពិសេសស្នើឱ្យជប៉ុនបណ្តាក់ទុនបន្ថែមលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងការកែច្នៃនៅកម្ពុជាជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សំណើទាំងនេះ បានលើកឡើងនៅក្នុងឱកាស សម្ដេចប្រធានរដ្ឋសភាទទួលពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ីស៊ីហ្ស៊គី ហ៊ីដេអូ (ISHIZUKI Hideo) ឯកអគ្គរាជទូតថ្មីប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

នាឱកាសនោះ សម្ដេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅជូនឯកឧត្តមឯកអគ្គរាជទូត ដែលទទួលបានការតែងតាំងជា ឯកអគ្គរាជទូតប្រចាំនៅកម្ពុជា។ សម្ដេចក៏បានស្នើឱ្យជប៉ុនផ្តល់ការគាំទ្របណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យាដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដោយសាររដ្ឋសភានីតិកាលទី៧ បានផ្តោតសំខាន់លើការអភិវឌ្ឍស្ថាប័នជាសភាឌីជីថល។

ជាមួយគ្នានេះ សម្តេចថា ក្រុមហ៊ុនជប៉ុន ស្ថិតនៅក្នុងចំណោមវិនិយោគិនដែលទទួលបានការគោរព និងកោតសរសើរបំផុតនៅកម្ពុជា តាមរយៈគុណភាព បទដ្ឋានស្តង់ដារខ្ពស់ និងការប្ដេជ្ញាចិត្តរយៈពេលវែង។ មានក្រុមហ៊ុនធំៗរបស់ជប៉ុនប្រមាណជា៥០០ កំពុងវិនិយោគនៅកម្ពុជា។ ជាមួយការស្នើសុំឱ្យជប៉ុនបង្កើនការវិនិយោគនៅកម្ពុជា សម្ដេចបានគូសបញ្ជាក់ថា វត្តមានរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា មិនត្រឹមតែធ្វើឱ្យទុនវិនិយោគនៃប្រទេសទាំងពីរមានការកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែនឹងអាចទាក់ទាញ និងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគពីប្រទេសនានា មកបណ្តាក់ទុននៅកម្ពុជាផងដែរ។ សម្ដេចបានស្នើឱ្យជប៉ុនបណ្តាក់ទុនបន្ថែមលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងការកែច្នៃជាដើម។

ជាការឆ្លើយតប លោក  អ៊ីស៊ីហ្ស៊គី ហ៊ីដេអូ បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។ឯកអគ្គរាជទូត ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ រហូតឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីឆ្នាំ២០២៣ ព្រមទាំងប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

តាមរយៈជំនួបខាងលើ រដ្ឋសភាកម្ពុជា ក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ជប៉ុន ជាទំនាក់ទំនងគួរឱ្យទុកចិត្ត ស្មោះត្រង់ និងយោគយល់គ្នា។ជប៉ុនជាមិត្តល្អរបស់កម្ពុជា ដែលបានចូលរួមចំណែកនៅកម្ពុជាតាំងពីការស្វែងរកសន្តិភាព គាំទ្រដល់ការអភិវឌ្ឍ តាមរយៈជំនួយមនុស្សធម៌ និងជំនួយឥតសំណងជាដើមនោះ សមិទ្ធផលជាច្រើនបានលេចរូបរាងឡើងនៅកម្ពុជា ដូចជាស្ពាន ផ្លូវ កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន៕អត្ថបទ៖ហ្សាលីន