ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តតាមការណែនាំរបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែវិច្ឆិកា បានចាត់តាំង អ្នកឧកញ៉ា ហាន់ ឃាង អនុប្រធានសមាគម និងជាប្រធានគណៈកម្មការវិនិយោគ និងអភិវឌ្ឍន៍ អមដោយក្រុមការងារអគ្គលេខាធិការដ្ឋាន ចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្ត «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥» (IDP 2015-2025) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សិក្ខាសាលាដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានេះ មានគោលបំណងផ្សព្វផ្សាយលទ្ធផលនៃការវាយតម្លៃ និងសមិទ្ធផលសំខាន់ៗពីការអនុវត្តគោលនយោបាយ IDP ក្នុងរយៈពេល១០ឆ្នាំកន្លងមក ព្រមទាំងប្រមូលមតិយោបល់ ធាតុចូល និងអនុសាសន៍ពីភាគីពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានសម្រាប់ការតម្រង់ទិស និងបន្តអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង ចីរភាព និងបង្កើតតម្លៃបន្ថែមខ្ពស់។
របាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយ IDP ឆ្នាំ២០១៥-២០២៥ ត្រូវបានរៀបចំដោយលេខាធិការដ្ឋាន IDP នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានកិច្ចសហការពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តល់ព័ត៌មាន និងធាតុចូលចាំបាច់។ របាយការណ៍នេះ បានឆ្លងកាត់ការពិភាក្សា និងពិនិត្យជាបន្តបន្ទាប់ ទាំងកម្រិតបច្ចេកទេស កម្រិតថ្នាក់ដឹកនាំ និងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ មុននឹងទទួលបានគោលការណ៍ឯកភាពពីរាជរដ្ឋាភិបាល នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។
ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងសិក្ខាសាលានេះ បានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់វិស័យឯកជន ក្នុងនាមជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក វិស័យឯកជនបានចូលរួមយ៉ាងសកម្មក្នុងការជំរុញផលិតកម្ម ការនាំចេញ ការទាក់ទាញវិនិយោគ ការបង្កើតការងារ និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចជាតិ។
ក្នុងនាមជាស្ថាប័នតំណាងឱ្យធុរជន និងវិនិយោគិនលើពហុវិស័យ សមាគមឧកញ៉ាកម្ពុជា នឹងបន្តចូលរួមយ៉ាងសកម្មក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងវិស័យឯកជន ព្រមទាំងជំរុញការទាក់ទាញវិនិយោគពីក្រៅប្រទេសមកកាន់កម្ពុជា ដោយផ្តោតលើការវិនិយោគដែលមានគុណភាព បច្ចេកវិទ្យាជឿនលឿន និងសមត្ថភាពបង្កើតតម្លៃបន្ថែមខ្ពស់។
តាមរយៈការចូលរួមនេះ សមាគមឧកញ៉ាកម្ពុជា បន្តបង្ហាញពីការប្តេជ្ញាចិត្តក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម ពង្រឹងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ ព្រមទាំងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្មកម្ពុជា ឱ្យឆ្លើយតបកាន់តែប្រសើរទៅនឹងការវិវត្តនៃសេដ្ឋកិច្ចតំបន់ និងសកល។




















