លេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី២១ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរួមគ្នារបស់លោកសហប្រធានតំណាងក្រសួងទាំងបី រួមមាន៖ លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម, ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីពន្លឿនការអនុវត្តផែនការសកម្មភាព និងពង្រឹងប្រសិទ្ធភាពអន្តរាគមន៍នៅមូលដ្ឋាន។

កិច្ចប្រជុំបានផ្តោតការពិភាក្សាយ៉ាងស៊ីជម្រៅលើការជ្រើសរើសសហគមន៍ចំនួន ៥ បន្ថែម រួមមាន សហគមន៍កសិកម្ម សហគមន៍កសិកម្មទំនើប សហគមន៍អ្នកប្រើប្រាស់ទឹក និងភូមិគំរូ សម្រាប់ត្រៀមអនុវត្តកិច្ចអន្តរាគមន៍ក្នុងឆ្នាំ២០២៨។ ទន្ទឹមនឹងនេះ អង្គប្រជុំបានពិនិត្យលើវឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រ និងផែនការអនុវត្តត្រី-វិស័យ ឆ្នាំ២០២៧-២០៣១ ព្រមទាំងផែនការ ៣ឆ្នាំរំកិល (២០២៧-២០២៩) ឱ្យកាន់តែច្បាស់លាស់។
ដើម្បីធានានិរន្តរភាពសហគមន៍ ក្រុមការងារបានឯកភាពលើការពង្រឹងអភិបាលកិច្ចមូលដ្ឋាន ការបង្កើតមូលនិធិអភិវឌ្ឍន៍ ការថែទាំហេដ្ឋារចនាសម្ព័ន្ធ និងការកៀរគរដៃគូអភិវឌ្ឍន៍ ជាពិសេសការបន្តអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា ជំហានទី២។
ជាលទ្ធផល តំណាងក្រសួងទាំងបីបានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងភាពជាដៃគូ និងយន្តការសម្របសម្រួលអន្តរក្រសួង តាមរយៈការចែករំលែកទិន្នន័យ និងធាតុចូលបច្ចេកទេស ដើម្បីឆ្លើយតបឱ្យចំតម្រូវការជាក់ស្តែងរបស់សហគមន៍ និងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទឱ្យមានចីរភាព៕



