ក្រសួងពាណិជ្ជកម្ម និងសមាគម JCA រួមគ្នាជំរុញការកែច្នៃកសិផល និងទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា (JCA) ដឹកនាំដោយលោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគម និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុនជប៉ុនចំនួន ១៩ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងជំរុញការវិនិយោគបន្ថែមនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ តំណាងសមាគម JCA បានរាយការណ៍អំពីវឌ្ឍនភាពយុទ្ធសាស្ត្រធុរកិច្ចឆ្នាំ២០២៦ និងទិសដៅឆ្នាំ២០២៧ ដោយបានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមសំខាន់ៗ រួមមាន៖ ការជំរុញការកែច្នៃផលិតផលកសិកម្មនៅតាមតំបន់សេដ្ឋកិច្ចពិសេស ដោយសហគ្រាសធុនតូច និងមធ្យម (SMEs) ជប៉ុន, ការរៀបចំយុទ្ធសាស្ត្រទីផ្សារឌីជីថល និងការផ្សព្វផ្សាយផលិតផលម៉ាកយីហោជប៉ុន ដែលផលិត និងប្រើប្រាស់វត្ថុធាតុដើមនៅកម្ពុជា។

ជាការឆ្លើយតប លោកស្រីរដ្ឋមន្ត្រី ចម និម្មល បានសម្តែងការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះគំនិតផ្តួចផ្តើមទាំងនេះ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តកែលម្អបរិយាកាសធុរកិច្ច សម្រួលពាណិជ្ជកម្ម និងធ្វើទំនើបកម្មសេវាសាធារណៈឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះ លោកស្រីបានថ្លែងអំណរគុណដល់សមាគម JCA ដែលតែងតែផ្តល់ទំនុកចិត្ត និងជួយទាក់ទាញធុរជនជប៉ុនឱ្យមកបណ្តាក់ទុន និងពង្រីកអាជីវកម្មនៅកម្ពុជាជាបន្តបន្ទាប់៕